អន្តរជាតិ

រដ្ឋាភិបាលសិង្ហបុរីនឹងចាប់ផ្ដើមដាក់ចេញនូវកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកន្លែងធ្វើការ នៅដើមឆ្នាំក្រោយនេះ

BY
autoadmin
October 25, 2021

យោងតាមការចុះផ្សាយរបស់ NHK បានរាយការណ៍ថា រដ្ឋាភិបាលសិង្ហបុរីនឹងដាក់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាកាតព្វកិច្ចសម្រាប់កន្លែងធ្វើការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា ប្រហែល ៨៤% នៃចំនួនប្រជាជនសិង្ហបុរីបានចាក់វ៉ាក់សាំងពេញលេញទៅហើយ ប៉ុន្តែករណីឆ្លងរាលដាលថ្មីៗកំពុងកើនឡើងម្តងទៀត បន្ទាប់ពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយនៅក្នុងខែសីហា ហើយជាលទ្ធផលការឆ្លងថ្មីគឺមានលើសពី ៣,០០០ នាក់ នៅក្នុងខែនេះ។

រដ្ឋាភិបាលសិង្ហបុរីបានប្រកាសវិធានការនេះកាលពីថ្ងៃសៅរ៍ ដោយបាននិយាយថា គោលបំណងរបស់ខ្លួនគឺ «រក្សាកន្លែងធ្វើការឱ្យមានសុវត្ថិភាព»។ នៅក្រោមច្បាប់ថ្មីនេះ អ្នកដែលមិនបានទទួលថ្នាំបង្ការជំងឺ COVID-19 នឹងតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានដែលមានសុពលភាពរយៈពេល ២៤ ម៉ោង ឬបានជាសះស្បើយពីជំងឺនេះក្នុងរយៈពេល ២៧០ ថ្ងៃកន្លងមក។ តួយ៉ាងប្រទេសសិង្ហបុរីសព្វថ្ងៃនេះ ក៏បានហាមប្រាមអ្នកដែលមិនបានទទួលថ្នាំបង្ការ ពីការចូលទៅក្នុងផ្សារទំនើប ឬបរិភោគអាហារនៅក្នុងភោជនីយដ្ឋានជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHk

Share This Post: