អន្តរជាតិ

ពន្ធនាគារមួយនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានគេសម្រុកចូលរំដោះអ្នក​ទោស​ជាង ៨០០​នាក់

BY
autoadmin
October 25, 2021

នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធមួយក្រុមបានសម្រុកចូលទៅក្នុងពន្ធនាគារ Abonlogo នៅឯភាគនិរតីរបស់ប្រទេសនីហ្សេរីយ៉ា និងបានដោះលែងអ្នកទោសប្រមាណជាង ៨០០ នាក់ ខណៈវាគឺជាការហែកគុកជាលើកទី៣ នៅក្នុងឆ្នាំនេះផ្ទាល់។ ប្រភពព័ត៌មាន The Guardian បាននិយាយថា ការវាយប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នៅក្នុងរដ្ឋ Oyo ដោយក្រុមខ្មាន់កាំភ្លើង​បានចូលទៅក្នុងទីធ្លាពន្ធនាគារ បំផ្ទុះជញ្ជាំងពន្ធនាគារ ហើយបាញ់តបតជាមួយនឹងមន្ត្រីនៅយាមនៅទីនោះ។

មន្ត្រីក្នុងតំបន់បាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកទោសបានប្រហែល ២៦០ នាក់ ត្រឡប់មកវិញ ប៉ុន្តែអ្នកទោសប្រហែល ៥៧៥ នាក់ នៅតែបាត់ខ្លួន។ រំលឹកដែរថា ប្រទេស​នេះ​មានការហែក​ពន្ធនាគារ​ស្រដៀង​គ្នានេះ នៅ​ក្នុង​ខែ​មេសា និង​កញ្ញា រដ្ឋផ្សេងៗគ្នា។ ដោយនៅក្នុង​ខែ​មេសាតែមួយ មានអ្នក​ទោស​ជាង ១,៨០០​ នាក់ ​ត្រូវ​បាន​គេ​ចេញ​ពី​ពន្ធនាគារមួយ នៅភាគអាគ្នេយ៍របស់ប្រទេស។ ប្រជាជន​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា កាន់តែមានការ​ព្រួយ​បារម្ភ​ចំពោះបញ្ហាបែបនេះ ហើយពួកគេបានបន្ទោសទៅលើការមិនយកចិត្តទុកដាក់លើសន្ដិសុខរបស់រដ្ឋាភិបាល៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: