អភិបាលរាជធានី អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចាប់ពីថ្ងៃទី២៦ និងថ្ងៃទី២៧ តុលានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយសណ្តដងស្ទឹងព្រែកត្នោតទំាងអស់ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី២៦និងថ្ងៃទី២៧ តុលានេះ ដោយសារទឹកជំនន់អាចនឹងឡើងខ្ពស់លិចលង់លំនៅឋានបងប្អូន។

ការអំពាវបែបរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែលឯកឧត្តមបានចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើកទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់ នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។
ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានស្នើសុំទៅដល់ក្រសួងធនធាន ទឹកនិងឧតុនិយម បង្វែរទឹក កុំឱ្យជន់លិចរាជធានីភ្នំពេញ ដោយសារថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែបើគិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំ ពេញ វាពិតជាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងនៅតាមខេត្តពាក់ព័ន្ធ។ អ៊ីចឹងហើយទើបឯកឧត្តម ស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឱ្យមានការយោគយល់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។ ដោយឡែកភ្នំពេញយើងកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរខណ្ឌសង្កាត់ និងមន្ទីរពាក់ព័ន្ធបានធ្វើកិច្ចការងារនេះយ៉ាងសកម្មដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅឋានប្រជាពលរដ្ឋនេះ។
បន្ថែមពីលើនេះទៀត ឯកឧត្តម ក៏បានស្នើសុំទៅកម្លាំងកងអង្គរក្សនូវកម្លាំងប្រមាណ ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានផ្តល់នូវអេស្កាវ៉ាទ័រចំនួន ១៥គ្រឿង ដាក់លើទីតាំងនេះផងដែរ ដើម្បីទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ ។
ឯកឧត្តម បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយ ស្រួលគ្រប់គ្រងបានដូចទឹក ទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលានេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋបានន័យថា មានហានិភ័យអ្វី គឺយើងអាចជួយពួកគាត់បានភ្លាមៗទាន់ពេលវេលា៕




ប្រភព៖ ក្រសួងព័ត៌មាន