ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមម៉ោង៤ល្ងាចនេះ កម្ពស់ទឹកនៅទ្វារទឹកទំបន់៧មករា បានឡើងលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នដល់ទៅជាង២ម៉ែត្រ

    BY Khmernote Media October 25, 2021
    គិតត្រឹមម៉ោង៤ល្ងាចនេះ កម្ពស់ទឹកនៅទ្វារទឹកទំបន់៧មករា បានឡើងលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នដល់ទៅជាង២ម៉ែត្រ

    នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅ តាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ(ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

    កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៤រសៀលនេះគឺមានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញគឺបានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។

    សកម្មភាពកន្លងមក ក្រសួងធនធានទឹកបានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មកម្ល៉េះដោយបានអនុវត្តការងាររួចមួយចំនួនរួមមាន ៖
    – នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់ បានប្រមាណ ១០០ម៉ែត្រត្រីគុណ/វិនាទី
    – ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ៩៤ ,ប្រឡាយ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២៥០០ម៉ែត្រ ចេញពីប្រឡាយ ៩៤,៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់ ។
    – លើកពង្រឹងកម្ពស់តួរទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិឋានប្រជាពលរដ្ឋ

    មកដល់ពេលនេះ ស្ថានភាពស្ថិតនៅក្នុងការប្រុងប្រយ័ត្ន កំពុងប្រឈមនៅឡើយ ទោះជាយ៉ាងណាក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង ,បាវខ្សាច់ធំ តូច , សំណាញ់ថ្ម និងកម្លាំងក្រុមការងារ កំពុងបន្តការងារអន្តរាគមន៍ ដោយប្រចាំការ២៤ម៉ោង នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម ៕

    Share This Post: