ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះនាងម្ចាស់ Mako របស់ប្រទេសជប៉ុន និងគូដណ្តឹង នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅថ្ងៃនេះ

    BY autoadmin October 26, 2021
    ព្រះនាងម្ចាស់ Mako របស់ប្រទេសជប៉ុន និងគូដណ្តឹង នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅថ្ងៃនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ព្រះនាងម្ចាស់ Mako របស់ប្រទេសជប៉ុន និងអតីតមិត្តរួមថ្នាក់របស់ព្រះនាង ដែលធ្លាប់រៀនជាមួយគ្នានៅមហាវិទ្យាល័យ Komuro Kei នឹងប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះផ្ទាល់។ ប្រភពបាននិយាយថា ភ្នាក់ងាររបស់គ្រួសារអធិរាជជប៉ុន (Imperial Household Agency) នឹងត្រូវធ្វើការចុះបញ្ជីអាពាហ៍ពិពាហ៍ជួសមុខឱ្យអ្នកទាំង ២ ជាមួយនឹងអភិបាលក្រុង ខណៈការចុះបញ្ជីនេះនឹងសម្គាល់ការចាកចេញរបស់ព្រះនាងពីគ្រួសាររាជវង្ស។ ព្រះនាងមានសិទ្ធិទទួលបានប្រាក់ទូទាត់ថ្លៃរៀបអាពាហ៍ពិពាហ៍ ក៏ប៉ុន្តែព្រះនាងមិនទទួលយកប្រាក់ទាំងនោះឡើយ។

    ជម្រាបផងដែរថា ព្រះនាង និងអនាគតស្វាមី នឹងមិនរៀបចំពិធីអាពាហ៍ពិពាហ៍តាមបែបប្រពៃណី ដូចជាសមាជិកគ្រួសាររាជវង្សដទៃឡើយ។ នៅ​ពេល​រសៀល ព្រះនាង Mako និងលោក Komuro នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ប្រហែល​ ៥០នាក់ ​នៅ​ឯសណ្ឋាគារ​មួយក្នុង​ទីក្រុង​តូក្យូ។ គូស្នេហ៍ទាំង ២ ក៏នឹងមិនឆ្លើយតបសំណួរ ដែលបានរៀបចំទុកជាមុនពីអ្នកសារព័ត៌មាននៅឯសន្និសីទនោះទេ ដោយពួកគេនឹងផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរជំនួសវិញ។ ក្រុមមន្ត្រីបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមការណែនាំរបស់វេជ្ជបណ្ឌិត បន្ទាប់ពីព្រះនាងមិនអាចទទួលយកខ្លឹមសារនៃសំណួរមួយចំនួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: