ពូកែគ្រោះថ្នាក់ពេក អាជ្ញាធរចិនដាក់តាំងរថយន្ត ដែលរងគ្រោះលើដងផ្លូវតែម្តង ដើម្បីឲ្យអ្នកបើកបរភ្ញាក់រលឹក
ចិន៖ មានវិធីជាច្រើនដែលគេអាចប្រើប្រាស់ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច និងប្រុងប្រយ័ត្នក្នុងការបើកបរ។ សម្រាប់នៅ ក្នុងខេត្ត Henan ប្រទេសចិនវិញ អាជ្ញាធរបានសម្រេចយករថយន្ត ដែលត្រូវបានគេបុក និងរងនូវការខូចខាតយ៉ាងខ្លាំងមួយគ្រឿង ទៅដាក់តាំងនៅលើដងផ្លូវមួយកន្លែង ដើម្បីជាការដាស់តឿនអ្នកបើកបរគ្រប់រូបឲ្យបានដឹងពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងក្នុងការបើកបរ។ ផ្លូវមួយខ្សែរនេះមានឈ្មោះថា Shanghai-Shaanxi Highway ដែលជាផ្លូវសំខាន់មួយនៅក្នុងខេត្តខាងលើនេះ។
អាជ្ញាធររំពឹងថា ការដាក់តាំងរថយន្តមួយគ្រឿងនេះនឹងក្លាយជាចំណែកមួយនៃអប់រំអ្នកបើកបរគ្រប់រូប ជាពិសេសគឺអ្នកបើកបរថ្មីៗតែម្តង ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ សូមបញ្ជាក់ជូនថា បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជាមធ្យមនៅក្នុងប្រទេសចិន មានអ្នកស្លាប់ប្រមាណជា ៧០០ នាក់ក្នុងមួយថ្ងៃដោយគ្រោះថ្នាក់ចរាចរណ៍ ដូចនេះហើយទើបអាជ្ញាធរប្រឹងរកគ្រប់វិធីដើម្បីទប់ដោះស្រាយបញ្ហានេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ CGTN



