ព្រឹកនេះ ឯកឧត្តម ឃួង ស្រេង បានទៅបង់ប្រាក់ផាកពិន័យ ដោយសារបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ផាកពិន័យចំនួន ៦ម៉ឺនរៀល ចំពោះករណីដែលឯកឧត្តមមិនបានពាក់មួកសុវត្ថិភាពពេលបើកម៉ូតូ ពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ ដែលជាគំរូល្អមួយដល់មន្ត្រីគ្រប់រូបទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានការរិះគន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេលបេីកម៉ូតូនោះ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្តម ឃួង ស្រេង នឹងចូលខ្លួនទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងអចេតនានេះ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់បន្ថែមថា តាមពិតទៅ ឯកឧត្ដម អភិបាល ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាពស្រអាប់ពេកពិបាកមេីលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដេីម្បីរកដំណោះស្រាយជួយប្រជាជន ឯកឧត្ដមអភិបាល ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ឯកឧត្ដម អភិបាល ទទួលយកនូវមតិរិះគន់ ដេីម្បីស្ថាបនា ហេីយឯកឧត្ដមអភិបាល នឹងចូលទៅអោយមន្ត្រីចរាចរណ៍ធ្វើការផាកពិន័យហើយ ។ សូមបងប្អូនមេត្តាយោគយល់ចំពោះកំហុសអចេតនានេះផង ។
