អន្តរជាតិ

ប្រទេសចិនកំពុងបង្កើនសេវាកម្មធ្វើតេស្តយកសំណាក បន្ទាប់ពីប្រទេសនេះបានមើលឃើញពីការផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩

BY
autoadmin
October 27, 2021

ប្រទេសចិនកំពុងទាមទារឱ្យមានការពន្លឿន និងការទទួលបានសេវាកម្មធ្វើតេស្តរកជំងឺ COVID-19 កាន់តែច្រើន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួនប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានមើលឃើញពីការឆ្លងក្នុងសហគមន៍នាពេលថ្មីៗនេះ។ ការធ្វើតេស្តជាញឹកញាប់ និងជួនកាលការធ្វើតេស្តបែបទ្រង់ទ្រាយធំ គឺជាការអនុវត្តស្តង់ដារដែលប្រទេសចិនតែងតែធ្វើវាឱ្យបានលឿនបំផុត ប៉ុន្តែអាជ្ញាធរសុខាភិបាលបាននិយាយថា សេវាធ្វើតេស្តនៅតែមិនគ្រប់គ្រាន់នៅផ្នែកខ្លះរបស់ប្រទេសចិន ខណៈការផ្ទុះឡើងថ្មីៗចេះតែមានការកើនឡើង។

ជាក់ស្ដែងគិតចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២០០ ករណី ចេញពីខេត្តចំនួន ១២ នៅទូទាំងប្រទេស ហើយដោយសារប្រទេសនេះមិនទាន់អនុញ្ញាតឱ្យមានការប្រើប្រាស់ ការធ្វើតេស្ដរហ័សដោយខ្លួនឯងផងនោះ ការធ្វើតេស្ដប្រមូលសំណាកដោយអ្នកជំនាញ ត្រូវបានដាក់ឱ្យប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង។ អាជ្ញាធរមូលដ្ឋានខ្លះបានកាត់បន្ថយថ្លៃធ្វើតេស្ដយកសំណាកត្រឹមតែ ១៣ យ័ន ឬ ២ ដុល្លារប៉ុណ្ណោះ នៅក្នុងទីក្រុងប៉េកាំង។ គួរឱ្យដឹងដែរថា ចាប់តាំងពីជំងឺ COVID-19 ត្រូវបានរកឃើញនៅចុងឆ្នាំ២០១៩ ប្រទេសចិនដីគោកមានករណីជំងឺ COVID-19 សរុបចំនួន ៩៦,៨៤០ ករណី (រាប់តែអ្នកចេញរោគសញ្ញា) ខណៈអ្នកស្លាប់សរុបទាំងអស់មានចំនួន ៤,៦៣៦ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: