អន្តរជាតិ

ព្រះនាង Mako របស់ប្រទេសជប៉ុន បានបោះបង់ឋានៈ​រាជវង្សជាផ្លូវការ បន្ទាប់ពីរៀបការជាមួយស្វាមីដែលជារាស្ត្រសាមញ្ញ

BY
autoadmin
October 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា ព្រះនាង Mako របស់ប្រទេសជប៉ុន បានលា​លែងពីតំណែងជា​ព្រះនាង​​ហើយ ព្រោះថានៅក្រោម​ច្បាប់​របស់ប្រទេស​ជប៉ុន សមាជិក​ចក្រពត្តិ​ស្ត្រី​នឹង​ត្រូវ​លះបង់​ឋានៈ​រាជវង្ស​របស់​ពួកគេ ​នៅពេល​ដែលពួកគេរៀបការ​ជាមួយរាស្ត្រសាមញ្ញ។ ព្រះនាង Mako និងគូស្នេហ៍គឺលោក Kei Komuro ​បាន​ប្រកាស​ភ្ជាប់​ពាក្យ​ជា​លើក​ដំបូង​កាល​ពី​ ៤ ​ឆ្នាំ​មុន ប៉ុន្តែ​បាន​ប្រឈម​នឹង​រឿង​អាស្រូវ​ជាច្រើនដែលថា​ ​គ្រួសារ​របស់លោក Komuro មាន​បញ្ហា​ហិរញ្ញវត្ថុ។

ដើម្បី​បំបាត់ភាពចម្រូងចម្រាស​សាធារណៈ គូស្នេហ៍​មួយ​គូ​នេះ​បាន​ពន្យារពេល​ពិធី​មង្គលការ​របស់​ពួកគេ​ ដោយលោក Komuro បានចាកចេញពីប្រទេសជប៉ុនទៅសិក្សាច្បាប់នៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០១៨ ហើយទីនោះក៏ជាកន្លែងដែលគាត់នៅប្រកបអាជីពធ្វើការសព្វថ្ងៃ។ ក្នុងនាមសែរាជវង្សដែលត្រូវលាចាកពីតំណែង ព្រះនាង Mako មានសិទ្ធិទទួលបានការទូទាត់ប្រហែល ១.៣ លានដុល្លារអាមេរិក ប៉ុន្តែទ្រង់បានបដិសេធមិនទទួលយកប្រាក់ទាំងនោះឡើយ។

ព្រះនាង Mako មិនមែនជាសមាជិករាជវង្សជប៉ុនដំបូងគេ ដែលបោះបង់ឋានៈជារាជវង្សនោះទេ។ ពោលគឺនៅឆ្នាំ២០១៨ ព្រះនាង Ayako ដែលជាកូនពៅរបស់ព្រះអង្គម្ចាស់ Takamodo ដែលជាបងប្អូនជីដូនមួយរបស់ព្រះចៅអធិរាជ Akihito ក៏បានរៀបការជាមួយលោក Kei Moriya ដែលជាបុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនមួយ។ ព្រះនាង​បាន​លាលែង​ពី​ឋានៈ​រាជវង្ស ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ប្រាក់​ចំនួន ៩៥០,០០០ ដុល្លារ​អាមេរិក​ សម្រាប់​ការ​ចំណាយ​លើ​ការ​រស់នៅ។ គួរឱ្យដឹងដែរថា សមាជិកជាស្ត្រីនៅក្នុងគ្រួសាររាជវង្សជប៉ុន នឹងបាត់បង់តំណែងរបស់ពួកគេបន្ទាប់ពីរៀបការជាមួយរាស្ត្រសាមញ្ញ ប៉ុន្តែច្បាប់នេះមិនអនុវត្តចំពោះសមាជិកជាបុរសទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: