មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមមនុស្សដែលមានប្រព័ន្ធការពារខ្សោយ
- BY
- autoadmin
- October 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានអនុម័តលើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៤ សម្រាប់មនុស្សពេញវ័យ ដែលមានប្រព័ន្ធការពារខ្សោយ ចំពេលមានការព្រួយបារម្ភអំពីការចុះខ្សោយភាពស៊ាំទៅតាមពេលវេលា។ CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា អ្នកដែលមានភាពស៊ាំកម្រិតមធ្យម និងចុះខ្សោយ អាចទទួលបានវ៉ាក់សាំងសរុបចំនួន ៤ដូស រួមទាំងការចាក់វ៉ាក់សាំងដំបូងចំនួន ២ដង ការចាក់ដូសជំរុញ ឬដូសទី៣ ចំនួន ១ដង និងដូសជំរុញទី៤ នេះផ្ទាល់។

ជម្រាបដែរថា អ្នកដែលមានភាពស៊ាំចុះខ្សោយ (immunocompromised) គឺជាក្រុមដំបូង ដែលបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដូសទី៣ កាលពីខែសីហា ខណៈភ្នាក់ងារសុខភាពរបស់សហរដ្ឋអាមេរិក បានអនុម័តជាបន្តបន្ទាប់នូវកម្រិតថ្នាំបន្ថែម សម្រាប់មនុស្សនៅក្នុងប្រភេទដែលមានហានិភ័យខ្ពស់ផ្សេងទៀត ដូចជាអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងមនុស្សពេញវ័យដែលងាយប្រឈមនឹងមេរោគ។ គួរឱ្យដឹងដែរថា ចំពោះអ្នកដែលមានភាពស៊ាំចុះខ្សោយ គឺ CDC បានយល់ថា ដូសទី៣ សម្រាប់ពួកគេ គឺគ្រាន់តែជាដូសបន្ថែមពីលើវ៉ាក់សាំងដំបូងប៉ុណ្ណោះ ហើយដូសទី៤ នេះហើយ គឺជាដូសជំរុញ ឬ Booster សម្រាប់ពួកគេ។ ចំណែកឯដូសទី៤ នេះទៀតសោធ គឺគេប្រើកម្រិតថ្នាំត្រឹមតែពាក់កណ្ដាល នៃកម្រិតរបស់វ៉ាក់សាំងទាំង ៣ ពីមុនប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






