ប្រទេសនូវែលសេឡង់នឹងចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ហើយណែនាំច្បាប់នៅដាច់ដោយឡែកថ្មី សម្រាប់ការមកដល់ពីក្រៅប្រទេសចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញ
- BY
- autoadmin
- October 28, 2021
ប្រទេសនូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនទប់ស្កាត់ជំងឺ COVID-19 ដែលបានដាក់តាំងតែពីខែមីនា ឆ្នាំ២០២០ ហើយផ្លាស់ទៅប្រព័ន្ធផ្ដាច់ខ្លួននៅតាមផ្ទះ (home isolation) សម្រាប់ការមកដល់ពីក្រៅប្រទេស ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ពីដើមឆ្នាំក្រោយនេះ។ ប្រទេសនេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានបិទព្រំដែនរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតរាតត្បាតកាលពីឆ្នាំមុន ហើយបានរក្សាការរឹតបន្តឹងព្រំដែនដ៏តឹងតែងទាំងនេះ ទុកឱ្យពលរដ្ឋ និងអ្នករស់នៅក្រៅប្រទេសជាច្រើន ត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ។

រដ្ឋាភិបាលបាននិយាយថា អ្នកធ្វើដំណើរក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងចំណាយពេលត្រឹមតែ ៧ថ្ងៃ នៅក្នុងកន្លែងដាក់ឱ្យនៅដាច់ពីគេរបស់រដ្ឋ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការកាត់បន្ថយពាក់កណ្តាលនៃតម្រូវការបច្ចុប្បន្ន។ លោក Chris Hipkins រដ្ឋមន្ត្រីឆ្លើយតបនឹងជំងឺ COVID-19 របស់ប្រទេសនូវែលសេឡង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការផ្ដាច់ខ្លួននៅតាមផ្ទះ ក៏នឹងត្រូវបានណែនាំនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ នាយករដ្ឋមន្ត្រី Jacinda Ardern ក៏បាននិយាយកាលពីសប្តាហ៍មុនដែរថា ប្រទេសរបស់លោកស្រីនឹងបញ្ចប់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង នៅពេលដែលពលរដ្ឋប្រមាណជា ៩០% ទទួលបានវ៉ាក់សាំងពេញលេញ ខណៈពលរដ្ឋប្រហែល ៧២% បានទទួលវ៉ាក់សាំង ខណៈដែលជិត ៨៧% បានទទួលការចាក់វ៉ាក់សាំងលើកដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






