ប្រទេសចិនចាប់ផ្ដើមរឹតត្បឹតទីក្រុងតូចៗ មិនឱ្យសាងសង់អគារខ្ពស់ៗឡើយ ដោយសារគម្រោងខ្លះជាគម្រោងឥតប្រយោជន៍
- BY
- autoadmin
- October 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសចិនបានរឹតត្បឹតទីក្រុងតូចៗរបស់ខ្លួន មិនឱ្យសាងសង់អគារខ្ពស់ៗនោះឡើយ ដែលជាផ្នែកមួយនៃការបង្ក្រាបគម្រោងឥតប្រយោជន៍។ ពោលគឺទីក្រុងដែលមានប្រជាជនតិចជាង ៣ លាននាក់ នឹងត្រូវបានដាក់កម្រិតលើការសាងសង់អគារខ្ពស់ៗលើសពី ១៥០ ម៉ែត្រ (៤៩២ហ្វីត) ហើយសម្រាប់ទីក្រុងដែលមានប្រជាជនច្រើនជាងនោះ នឹងមិនអាចមានអគារខ្ពស់ជាង ២៥០ ម៉ែត្របានទេ។ ការហាមប្រាមចំពោះអគារខ្ពស់ជាង ៥០០ ម៉ែត្រ ក៏បានដាក់ឡើងជាយូរមកហើយដែរ។

គួរឱ្យដឹងដែរថា ប្រទេសចិនមានអគារខ្ពស់បំផុតក្នុងពិភពលោកមួយចំនួន រួមមានអគារ Shanghai Tower ដែលមានកម្ពស់ ៦៣២ ម៉ែត្រ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An ដែលមានកម្ពស់ ៥៩៩.១ ម៉ែត្រ ក្នុងទីក្រុង Shenzhen ខណៈដែលគម្រោងដែលគ្មានប្រយោជន៍ក៏បានរីកដុះដាល។ ជាកស្ដែងកាលពីដើមឆ្នាំនេះ មានមនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីតំបន់ជិត SEG Plaza នៅទីក្រុង Shenzhen នៅពេលដែលអគារ Skyscraper កម្ពស់ ៣៥០ ម៉ែត្រមួយនោះ បានចាប់ផ្ដើមរង្គើរ។
ប្រទេសចិនបាននិងកំពុងចាត់វិធានការកាន់តែខ្លាំងឡើង ចំពោះគម្រោងឥតប្រយោជន៍ដែលមានតម្លៃថ្លៃ ដោយបានរិះគន់អ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយចំនួន ពីការឈ្លក់វង្វេងក្នុងការសាងសង់អគាររបស់ពួកគេ។ កាលពីដើមឆ្នាំនេះផ្ទាល់ ប្រទេសចិនក៏បានចេញច្បាប់ប្លែកមួយផងដែរ ដោយពួកគេមិនអនុញ្ញាឱ្យមានការសាងសង់អគារណាដែលមានស្ថាបត្យកម្មមិនស្អាតនោះឡើយ។ ចំពោះអ្នកដែលហ៊ានអនុម័តគម្រោងដែលបំពាននឹងច្បាប់ថ្មីទាំងនេះគឺនឹងត្រូវទទួលខុសត្រូវលើគម្រោងទាំងនោះពេញមួយជីវិត ប៉ុន្តែប្រទេសចិនមិនបានបញ្ជាក់លម្អិតថានឹងដាក់ទោសបែបណាទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






