ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន ចាត់លោកជំទាវ ឱ វណ្ណឌីន ជាតំណាងនាំយកវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ផ្តល់ជូនរដ្ឋាភិបាលវៀតណាម

    BY Khmernote Media October 28, 2021
    ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន ចាត់លោកជំទាវ ឱ វណ្ណឌីន ជាតំណាងនាំយកវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ផ្តល់ជូនរដ្ឋាភិបាលវៀតណាម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ស្អែកនេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ផ្តល់ជូនដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកព្រំដែនអន្តរជាតិ(បាវិត-ម៉ុកបាយ)។

    សូមជម្រាបថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលវៀតណាម គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។

    សូមបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសសមាជិកអាស៊ាន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះកាលពីដើមខែសីហា ឆ្នាំ២០២១ កម្ពុជាបានផ្តល់ថវិកា ២០ម៉ឺនដុល្លារ ទៅប្រទេសសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផងដែរ ហើយថវិកានេះ ក៏បន្ថែមពីលើថវិកាតាមអាស៊ានចំនួន ១០ម៉ឺនដុល្លារ នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារ ទៅដល់រដ្ឋាភិបាលវៀតណាមផងដែរ។ ក្រៅពីថវិកា រាជរដ្ឋាភិបាលកម្ពុជាក៏បានឧបត្ថម្ភបរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀតទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ផងដែរ។

    ជាងនេះទៀតកាលពីឆ្នាំ២០២០ កម្ពុជា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភម៉ាស និងបរិក្ខារពេទ្យ យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: