ដើមសប្ដាហ៍ក្រោយនេះ ភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកក អាចចាប់ផ្ដើមលក់គ្រឿងស្រវឹងវិញបានហើយ
- BY
- autoadmin
- October 30, 2021
ភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកក ក៏ដូចជាខេត្ត Krabi, Phang-nga និង Phuket អាចចាប់ផ្ដើមលក់គ្រឿងស្រវឹងវិញបានហើយ ចាប់ពីថ្ងៃច័ន្ទនេះតទៅ នៅចំពេលដែលប្រទេសថៃកំពុងបើកទ្វារឡើងវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ មកពីប្រទេសចំនួន ៤៦ នៅទូទាំងពិភពលោក។ ការដកចេញនូវការហាមប្រាមគ្រឿងស្រវឹងមួយនេះ ត្រូវបានប្រកាសកាលពីរសៀលថ្ងៃសុក្រ ដោយក្រុមការងារទទួលបន្ទុកជំងឺ COVID-19 ។

យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើការអនុញ្ញាតនេះអាចមានប្រសិទ្ធភាពលើហាងស្រា បារ និងកន្លែងកម្សាន ដែរ ឬទេ ខណៈដែលកន្លែងទាំងនេះនៅមិនទាន់អនុញ្ញាតឱ្យបើកទ្វារនៅឡើយ។ អាជ្ញាធរក៏បានដាក់បង្ហាញប្រព័ន្ធពណ៌ថ្មីមួយ ដើម្បីចាត់ថ្នាក់ស្ថានភាពជំងឺរាតត្បាតនៅក្នុងខេត្តនីមួយៗ ដោយបានបន្ថែមពណ៌ «ខៀវ» នៅលើប្រព័ន្ធព័ណ៌ចំនួន ៤ ដែលមានស្រាប់។ ពណ៌ខៀវនេះមានន័យថា តំបន់នោះគឺជាគោលដៅទេសចរណ៍សាកល្បង និងមិនមានហានិភ័យពីជំងឺ COVID-19 ។ ជាមួយគ្នានេះដែរ មនុស្សរាល់គ្នាក៏នឹងអាចប្រមូលផ្ដុំគ្នាបានរហូតដល់ ៤៩៨នាក់ ប៉ុន្តែច្រើនជាង ៥០០ នាក់ នៅតែត្រូវបានហាមឃាត់៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






