យ៉ាងហោចណាស់មានពលរដ្ឋចំនួន ១៧នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិត និងដុតបំផ្លាញរថភ្លើងក្រោមដីមួយ នៅក្នុងទីក្រុងតូក្យូចំថ្ងៃបុណ្យ Halloween
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ការវាយប្រហារដោយកាំបិត និងការដុតបំផ្លាញ នៅលើខ្សែរថភ្លើងក្រោមដីមួយនៅក្នុងទីក្រុងតូក្យូ បានបណ្តាលឱ្យមនុស្សចំនួន ១៧ នាក់រងរបួស ប៉ុន្តែពុំមានការស្លាប់ណាមួយត្រូវបានគេកត់ត្រានោះទេ។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសសង្ស័យម្នាក់ អាយុ ២៤ឆ្នាំ ដែលស្លៀកពាក់ស្រដៀងនឹងតួអង្គ Joker ពីរឿង Batman នៅពេលដែលជនសង្ស័យរូបនោះ បានធ្វើសកម្មភាពនៅអំឡុងពេលដែលពលរដ្ឋដទៃទៀត កំពុងធ្វើដំណើរទៅកម្មវិធីជប់លៀងបុណ្យ Halloween តាមរថភ្លើងក្រោមដី Kokuryo ។

ទីភ្នាក់ងារសារព័ត៌មាន AP ដែលដកស្រង់ពីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ បាននិយាយថា អ្នករបួសចំនួន ៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយក្នុងនោះក៏មានបុរសវ័យចំណាស់ម្នាក់បានសន្លប់ បន្ទាប់ពីត្រូវបានចាក់ក្នុងការវាយប្រហារនោះ។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអ្នកដំណើរដែលរត់ចេញពីទីនោះ ហើយមានអ្នកខ្លះជំពប់ជើងដួលតាមទ្វារទូរថភ្លើង ខណៈអ្នកខ្លះបានឡើងតាមបង្អួចរថភ្លើងជាដើម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បានប្រាប់មកអាជ្ញាធរថា គាត់ចង់សម្លាប់មនុស្ស ដូច្នេះគាត់នឹងត្រូវបានគេទោសប្រហារជីវិត។ យ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានលម្អិតណាមួយ បញ្ជាក់ពីមូលហេតុដែលធ្វើឱ្យគាត់ចង់សម្លាប់មនុស្ស ក្រៅពីការអះអាងខាងលើនោះឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC