អន្តរជាតិ

ប្រទេសថៃបានចាប់ផ្តើមទទួលយកអ្នកទេសចរអន្តរជាតិ ឱ្យចូលមកប្រទេសរបស់ខ្លួនចាប់ពីថ្ងៃច័ន្ទនេះតទៅ

BY
autoadmin
November 1, 2021

ប្រទេសថៃបានចាប់ផ្តើមទទួលយកអ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ដោយមិនតម្រូវឱ្យនៅដាច់ដោយឡែកពីគេ នៅពេលពួកគេមកដល់ច្រកអន្ដរជាតិរបស់ថៃឡើយ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទនេះផ្ទាល់ សម្រាប់ភ្ញៀវទេសចរមកពី ៦៣ ប្រទេស និងតំបន់ ទូទាំងពីភពលោក។ វាជាផ្នែកមួយនៃជំហានក្នុងការកសាងសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID-19។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានដកតម្រូវការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកធ្វើដំណើរដែលបានទទួលថ្នាំបង្ការពេញលេញ និងមានលទ្ធផលតេស្ត PCR អវិជ្ជមាន ដោយនឹងតម្រូវឱ្យធ្វើតេស្ត PCR ម្តងទៀតនៅពេលមកដល់ប៉ុណ្ណោះ។ រំលឹកដែរថា ប្រទេសថៃបានដាក់កំហិតយ៉ាងតឹងរ៉ឹងលើការចូលរបស់ភ្ញៀវបរទេស ចាប់តាំងពីការឆ្លងមេរោគបានចាប់ផ្ដើមរីករាលដាលនៅក្នុងខែមីនាឆ្នាំ២០២០។

ប្រទេសនេះមានភ្ញៀវទេសចរបរទេសប្រហែល ៤០ លាននាក់ ជារៀងរាល់ឆ្នាំ នៅមុនពេលមានជំងឺរាតត្បាតចូលវាយប្រហារ ខណៈឆ្នាំនេះមានអ្នកដំណើរចូលមកតែ ​៨៥,០០០​នាក់ ​ប៉ុណ្ណោះ​នៅ​ចុង​ខែ​កញ្ញានេះ។ ឧស្សាហកម្មទេសចរណ៍ និងភោជនីយដ្ឋាន មានក្តីសង្ឃឹមខ្ពស់ក្នុងការបើកដំណើរការឡើងវិញ ប៉ុន្តែមនុស្សជាច្រើននៅតែមានការព្រួយបារម្ភ ខណៈដែលប្រទេសថៃនៅតែកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ច្រើនជាង ៨,០០០ ជារៀងរាល់ថ្ងៃ៕

អត្ថបទ៖​ លីដា
ប្រភព៖ NHK

Share This Post: