គ្រាន់តែប្រទេសថៃបើកទ្វារទទួលភ្ញៀវទេសចរវិញភ្លាម មានអ្នកដំណើរខ្លះសុខចិត្តពាក់ឈុត PPE ធ្វើដំណើរតាមយន្តហោះ មកលេងប្រទេសថៃ
- BY
- autoadmin
- November 2, 2021
កាលពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសថៃបានចាប់ផ្ដើមបើកច្រកទ្វារអន្តរជាតិរបស់ខ្លួន ដើម្បីទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះបានបិទទ្វារអន្តរជាតិរបស់ខ្លួន ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ក្រឡេកទៅមើលអាកាសយានដ្ឋានសុវណ្ណភូមិឯណោះវិញ គេបានមើលឃើញពីការចូលមករបស់អ្នកដំណើរជាច្រើន ដែលពួកគេមកពីបណ្ដាប្រទេស ឬតំបន់ទាំង ៦៣ ដែលស្ថិតនៅក្រោមបញ្ជីអនុញ្ញាតឱ្យមានការចូលមកប្រទេសថៃ។ ក្នុងនោះគេឃើញថា អ្នកដំណើរចិនមួយចំនួន ក៏បានពាក់ឈុតការពារ PPE ផងដែរ។

បើយោងតាមការចុះផ្សាយរបស់របស់ M Thai នៅក្នុងបណ្ដាញសង្គម Facebook បានឱ្យដឹងថា នៅថ្ងៃដំបូងនៃការបើកច្រកទ្វារអន្ដរជាតិឡើងវិញ អាកាសយានដ្ឋានសុវណ្ណភូមិបានទទួលជើងហោះហើរចំនួន ៦១ និងអ្នកដំណើរទាំងអស់ចំនួន ២,៣០០ នាក់ ដោយក្នុងនោះមានជនជាតិថៃប្រមាណ ៨០០ នាក់។ ប្រភពបាននិយាយថា អ្នកដំណើរបរទេសដែលចូលមកប្រទេសថៃ នឹងតម្រូវឱ្យមានធានារ៉ាប់រងសុខភាពមានតម្លៃយ៉ាងហោចណាស់ ៥០,០០០ ដុល្លារ បូករួមទាំងការធ្វើតេស្ដ PCR នៅក្នុងរយៈពេល ៧២ ម៉ោង មុនពេលហោះហើរ និងការកក់កន្លែងស្នាក់នៅ AQ ឬមានឯកសារ SHA+ តាមការកំណត់របស់ប្រទេសថៃ៕





អត្ថបទ៖ លីដា
ប្រភព៖ M Thai
- Share This Post:






