អន្តរជាតិ

ប្រទេសជាង ១០០ នៅទូទាំងពិភពលោក បានប្តេជ្ញាបញ្ចប់ការកាប់បំផ្លាញព្រៃឈើត្រឹមឆ្នាំ២០៣០

BY
autoadmin
November 2, 2021

ប្រទេសអង់គ្លេសដែលជាម្ចាស់ផ្ទះនៃសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Glasgow បាន​និយាយ​ថា ប្រទេស​ជាង ​១០០ នៅទូទាំងពិភពលោក ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សេចក្តី​ប្រកាស​ជា​គោល​បំណង​ ដើម្បីបញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅត្រឹម​ឆ្នាំ​២០៣០។ នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មានប្រទេសជាង ១០០ បានសន្យាថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់ និងបញ្ច្រាសការបាត់បង់ព្រៃឈើ និងការរិចរិលដីនៅត្រឹមឆ្នាំ២០៣០។

ប្រទេសទាំងនោះមានព្រៃឈើ ដែលស្មើនឹង ៨៦% នៃព្រៃឈើទាំងអស់របស់ពិភពលោក ដែលវាបានស្រូបយកកាបូនឌីអុកស៊ីតយ៉ាងច្រើនជារៀងរាល់ឆ្នាំ ខណៈដែលប្រទេសប្រេស៊ីល គឺជាជម្រកនៃព្រៃអាម៉ាហ្សូនដ៏សំខាន់។ ចក្រភពអង់គ្លេស និងប្រទេសចំនួន ១១ ផ្សេងទៀតក៏បានសន្យាដែរថា នឹងបរិច្ចាគថវិកាសាធារណៈចំនួន ១២ ពាន់លានដុល្លារ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យស្ដារឡើងវិញនូវដីដែលខូចគុណភាព និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: