ប៉ូលីសថៃបានចាប់ខ្លួនស្ត្រី ៤នាក់ ពីបទផលិត និងបង្ហោះលក់ក្រដាសប្រាក់ក្លែងក្លាយនៅលើហ្វេសប៊ុក ហើយរឹបអូសក្រដាស ១០០ ដុល្លារក្លែងក្លាយ បានប្រមាណជា ៥០,០០០ សន្លឹក
- BY
- autoadmin
- November 5, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា មន្ដ្រីប៉ូលីសថៃបានចាប់ខ្លួនស្ត្រី ៤នាក់ ពីបទផលិត និងលក់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងរឹបអូសបានក្រដាសប្រាក់ ១០០ ដុល្លារក្លែងក្លាយ បានប្រមាណជា ៥០,០០០ សន្លឹក។ នាយឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិថៃបាននិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមពួកគេមានឈ្មោះថា Jirapat ហើយនាងត្រូវបានចាប់ខ្លួននៅផ្ទះមួយ ក្នុងសង្កាត់ Bang Len នៃខេត្ត Nakhon Pathom កាលពីថ្ងៃពុធ ពីបទក្លែងបន្លំក្រដាសប្រាក់ និងក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយចំនួន ៥០,០០០ សន្លឹក។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍បានឱ្យដឹងថា នាង Jirapat ដែលទំនងជាមេក្លោង គឺបានបង្ហោះលក់ក្រដាសប្រាក់ក្លែងក្លាយនៅលើហ្វេសប៊ុក ហើយក្រោយមកអ្នកស៊ើបអង្កេតបានរកឃើញថា នាងគឺធ្លាប់ជាសមាជិកក្រុមក្មេងទំនើងក្លែងក្រដាសប្រាក់មួយផ្សេងទៀត។ បន្ទាប់មកទៀត ប៉ូលីសក៏បានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ផ្សេងទៀត គឺនាង Pachara, Orathai និង Sirinrat ដែលក្រោយមកពួកបានសារភាពថា នាង Jirapat គឺជាអ្នកផលិតក្រដាស់ក្លែងក្លាយទាំងនោះ ហើយពួកគេទាំង ៣នាក់ ទើបតែបានចាប់ផ្ដើមប្រព្រឹត្តវាជាលើកដំបូងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយមន្ដ្រីប៉ូលីសមិនឈប់ត្រឹមនេះទេ ដោយពួកគេនឹងតាមប្រមាញ់នាក់សមគំនិតផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






