អន្តរជាតិ

ដំណឹងល្អ! ក្រុមហ៊ុន Pfizer អះអាងថា ថ្នាំគ្រាប់របស់ខ្លួនអាចកាត់បន្ថយហានិភ័យការចូលមន្ទីរពេទ្យ និងការបាត់បង់ជីវិតពីជំងឺកូវីដ១៩ រហូតដល់ ៨៩%

BY
autoadmin
November 6, 2021

ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា ខ្លួនបានបង្កើតឱសថគ្រាប់សម្រាប់អ្នកជំងឺ COVID-19 ដែលកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ នៅក្នុងចំណោមអ្នកជំងឺដែលឆ្លងជំងឺនេះ។ ក្រុមហ៊ុនក៏កំពុងធ្វើការស្នើទៅកាន់ រដ្ឋបាលចំណីអាហារនិងឱសថ ដើម្បីសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់លើឱសថនេះ បន្ទាប់ពីការសាកល្បងព្យាបាលចុងក្រោយលើអ្នកជំងឺជាង ៧៧០ នាក់ ដែលមានហានិភ័យវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ បានបង្ហាញថា ហានិភ័យស្លាប់នៅក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំគ្រាប់របស់ Pfizer បានធ្លាក់ចុះ ៨៩% បើប្រៀបធៀបទៅនឹងអ្នកដែលបានប្រើថ្នាំបែប placebo ។

ថ្នាំគ្រាប់ដែលមានឈ្មោះថា Paxlovid ឬ PF-07321332 គឺជាថ្នាំទប់ស្កាត់អង់ស៊ីមប្រូតេអាស (protease inhibitor) ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់មេរោគពីការរីកធំធាត់។ Pfizer បាននិយាយថា ការផ្តល់ថ្នាំ Paxlovid រួមជាមួយថ្នាំ Ritonavir បានកាត់បន្ថយការបំបែកខ្លួនរបស់ជំងឺ COVID-19 នៅក្នុងរាងកាយអ្នកជំងឺយ៉ាងមានប្រសិទ្ធភាព។ ប្រភពដដែលបាននិយាយទៀតថា ០.៨% ឬ ៣ នាក់ ក្នុងចំណោមអ្នកជំងឺ ៣៨៩ នាក់ ដែលទទួលបានថ្នាំរួមគ្នាទាំង ២ ក្នុងរយៈពេល ៣ថ្ងៃ ត្រូវធ្លាក់ខ្លួនសម្រាកនៅមន្ទីរពេទ្យក្នុងអំឡុងពេល ៤សប្តាហ៍ បើប្រៀបធៀបនឹង ៧% ឬ ២៧ នាក់ ក្នុងចំណោម ៣៨៥ នាក់ ចំពោះអ្នកដែលបានប្រើថ្នាំបែប placebos ខណៈ ៧ នាក់ នៃអ្នកទទួលថ្នាំបែប placebos បានស្លាប់។

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer គឺលោក Mikael Dolsten បាននិយាយថា គាត់គិតថានេះគឺជាភាពជឿនលឿនផ្នែកវេជ្ជសាស្រ្តដ៏ធំបំផុតមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញរបស់ជំងឺរាតត្បាត COVID-1 ។ ជម្រាបដែរថាកាល​ពី​ខែ​មុន ក្រុមហ៊ុន​ឱសថ​អាមេរិក Merck ក៏បាន​ស្នើ​ឱ្យ​ FDA អនុម័តលើថ្នាំគ្រាប់ព្យាបាលជំងឺ​ COVID-19 របស់ខ្លួន ដើម្បីការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់។ ជាមួយគ្នានេះដែរ ចក្រភព​អង់គ្លេសហាក់បាននាំមុខអាមេរិកនៅក្នុងការអនុម័តលើថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដោយសារកាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំរបស់ Merck នៅក្នុងស្ថានភាពបន្ទាន់នៅប្រទេសរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ CNN , NHK

Share This Post: