អន្តរជាតិ

សហរដ្ឋ​អាមេរិកចាប់ផ្ដើម​បើក​ព្រំដែន​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទនេះ បន្ទាប់ពីការរឹតត្បឹតរយៈពេល ២០ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

BY
autoadmin
November 8, 2021

សហរដ្ឋ​អាមេរិកនឹង​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទនេះ ដើម្បី​ទទួល​ភ្ញៀវ​បរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូស បន្ទាប់ពីការរឹតត្បឹតជាង ២០ខែ ដែលត្រូវបានដាក់ឡើងតាំងពីជំនាន់អតីតប្រធានាធិបតីលោក Donald Trump នៅកាន់តំណែងមកម្ល៉េះ។ ការបន្ធូរបន្ថយនេះនឹងមានប្រសិទ្ធភាពលើពលរដ្ឋមិនមែនជាជនជាតិអាមេរិក មកពីជាង ៣០ ប្រទេស រួមទាំងរដ្ឋចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ ចំណែកក្រុមហ៊ុនអាកាសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនកុះករ នៅពេលដែលការរឹតបន្តឹងត្រូវបានលុបចោល សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្ត និងតាមដានអ្នកមានទំនាក់ទំនង។

រំលឹកដែរថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 សហរដ្ឋអាមេរិកបានបិទព្រំដែនជាលើកដំបូងលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅដើមឆ្នាំ២០២០ ហើយក្រោយមកការរឹតបន្តឹងត្រូវបានពង្រីកទៅប្រទេសផ្សេងទៀត។ ច្បាប់​នេះ​បាន​ហាមប្រាម​លើពលរដ្ឋដែលមិន​មែន​ជនជាតិអាមេរិក​ ​ដែលភាគច្រើន​ធ្លាប់​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត ព្រម​ទាំង​ចិន ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង អ៊ីរ៉ង់ និង​ប្រេស៊ីល។ ចំពោះនៅក្រោមច្បាប់ថ្មីនេះវិញ អ្នកដំណើរបរទេសនឹងត្រូវបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការមុនពេលហោះហើរ ទទួលបានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៣ថ្ងៃ មុនការធ្វើដំណើរ និងប្រគល់ព័ត៌មានអ្នកដែលមានទំនាក់ទំនងជាមួយពួកគេ ហើយពួកគេនឹងមិនចាំបាច់ដាក់ឱ្យនៅដាច់ដោយឡែកនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: