អន្តរជាតិ

ក្រុមហ៊ុន Pfizer និង BioNTech បន្ដសុំការអនុញ្ញាតសារជាថ្មីម្ដងទៀតពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ដើម្បីប្រើវ៉ាក់សាំងដូសទី៣ របស់ខ្លួន ចំពោះមនុស្សពេញវ័យទាំងអស់

BY
autoadmin
November 10, 2021

ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើការស្នើសុំជាថ្មីម្តងទៀតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ដើម្បីអនុញ្ញាតឱ្យដូសទី៣ ឬដូសជំរុញ នៃថ្នាំបង្ការជំងឺ COVID-19 របស់ពួកគេ អាចប្រើប្រាស់បានចំពោះមនុស្សពេញវ័យទាំងអស់។ រំលឹកផងដែរថា FDA នៅក្នុងខែកញ្ញា បានអនុញ្ញាតឱ្យវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុនទាំង២ អាចប្រើប្រាស់បានសម្រាប់មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំ និងបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ បន្ទាប់ពីក្រុមទីប្រឹក្សារបស់ FDA បានបដិសេធសំណើរបស់ Pfizer សម្រាប់ការអនុញ្ញាតលើមនុស្សដែលមានអាយុ ១៦ ឆ្នាំ ឬច្រើនជាងនេះ។

ក្រុមអ្នកវិភាគបាននិយាយថា ភស្តុតាងដែលអាចឱ្យមានការគាំទ្រទូលំទូលាយសម្រាប់ដូសទី៣ គឺមិនមានគ្រប់គ្រាន់នៅឡើយទេ ហើយពួកគេចង់ឃើញទិន្នន័យសុវត្ថិភាពបន្ថែមទៀត ជាពិសេសទាក់ទងនឹងហានិភ័យនៃការរលាកបេះដូង ចំពោះមនុស្សវ័យក្មេងបន្ទាប់ពីការទទួលថ្នាំបង្ការរួច។ ចាប់តាំងពីពេលនោះមក ដូសទី៣ របស់ក្រុមហ៊ុន Moderna ក៏ត្រូវបានបើកផ្លូវឱ្យមានការប្រើប្រាស់លើក្រុមអាយុស្រដៀងគ្នា ហើយ Booster របស់ Johnson & Johnson ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផងដែរ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃច័ន្ទនេះ មានពលរដ្ឋអាមេរិកយ៉ាងតិចណាស់ ២៥ លាននាក់ បានទទួលដូសទី៣ រួចរាល់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: