លោក Kishida Fumio បន្ដធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន បន្ទាប់ពីឈ្នះការបោះឆ្នោតបានសំឡេងច្រើនពីសមាជិកសភា
- BY
- autoadmin
- November 10, 2021
សមាជិកសភាជប៉ុនបានបោះឆ្នោតជ្រើសរើសលោក Kishida Fumio ឱ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ វាកើតឡើងបន្ទាប់ពីក្រុមសមាជិកចម្រុះដែលកំពុងកាន់អំណាច បានឈ្នះសំឡេងភាគច្រើនដោយរលូន នៅក្នុងការបោះឆ្នោតសភាជាន់ទាបកាលពី ១០ ថ្ងៃមុន។ ពោលគឺសមាជិកសភាទាំង ២ ជាន់ថ្នាក់ ហៅថា Diet បានបោះឆ្នោតជ្រើសរើសលោក Kishida ឡើងវិញម្ដងទៀត បន្ទាប់ពីលោកទទួលតំណែងក្រោយការលាលែងរបស់លោក Yoshihide Suga។

លោក Kishida គ្រោងនឹងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងអប់រំ គឺលោក Hayashi Yoshimasa ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេស ហើយសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រូវបានតែងតាំងឡើងវិញ។ លោក Kishida ក៏មានគម្រោងបង្ហាញពីវិធានការណ៍ថ្មីចុងក្រោយបំផុត សម្រាប់ការដោះស្រាយបញ្ហាជំងឺ COVID-19 របស់ប្រទេសជប៉ុន នៅថ្ងៃសុក្រខាងមុខនេះផងដែរ។ គាត់នឹងកោះប្រជុំវិសាមញ្ញជាមួយសភា Diet នៅដើមខែក្រោយ ដើម្បីចាប់ផ្តើមដំណើរការចំណាយថវិកាសម្រាប់ផែនការទាំងនោះ។ ជាមួយគ្នានេះដែរ លោក Kishida ត្រូវបានគេរំពឹងថា នឹងប្រកាសពីរដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោកនៅល្ងាចពុធនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






