អន្តរជាតិ

ប្រទេសជប៉ុនរាយការណ៍ពីករណីដំបូងនៃជំងឺ​ផ្ដាសាយ​បក្សី ខណៈមានបក្សីច្រើនជាង ១៤៣,០០០ ក្បាល ត្រូវបានគេសម្លាប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម

BY
autoadmin
November 10, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ​ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ការ​ផ្ទុះ​ឡើងនៃជំងឺ​ផ្ដាសាយ​បក្សី (H5N8)​ ហើយវាគឺជាករណីដំបូង​បំផុត​សម្រាប់​រដូវ​រងាឆ្នាំ​នេះ។ ក្រសួងកសិកម្មរបស់ជប៉ុនបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សី ចេញពីកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែង នៅក្រុង Yokote ក្នុងខេត្ត Akita ដែលធ្វើឱ្យសត្វមាន់ចិញ្ចឹមយកស៊ុតប្រហែល ១៤៣,០០០ ក្បាល ត្រូវបានគេសម្លាប់ចោលជាបន្ទាន់។ ជាមួយគ្នានេះដែរ តំបន់ជិតខាងក្នុងចម្ងាយ ១០ គីឡូម៉ែត្រ ពីទីតាំងមានការផ្ទុះជំងឺឡើង នឹងត្រូវស្ថិតក្រោមការឃ្លាំមើលទាំងអស់។

កាលពីរដូវរងាឆ្នាំ២០២០ ប្រទេសជប៉ុនបានប្រឈមនឹងស្ថានការណ៍ដ៏អាក្រក់បំផុតរបស់ខ្លួន ដែលទាក់ទងនឹងជំងឺផ្តាសាយបក្សីនៅតាមកសិដ្ឋាន ដោយមានសត្វមាន់ជាង ៣លានក្បាល ត្រូវបានគេបង្ខំចិត្តយកទៅសម្លាប់ ហើយ ១ ភាគ ៤ នៃខេត្តទូទាំងប្រទេសជប៉ុនសុទ្ធតែរងផលប៉ះពាល់។ ក្រសួងបាននិយាយថា៖«នៅក្រោមស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុន យើងមិនជឿថា ជំងឺផ្តាសាយបក្សីមានលទ្ធភាពឆ្លងមកមនុស្ស តាមរយៈការប្រើប្រាស់សាច់មាន់ ឬស៊ុតនោះទេ»។ ប៉ុន្តែការកើនឡើងនៃចំនួនមនុស្សនៅក្នុងប្រទេសចិន ដែលបានឆ្លងជំងឺផ្តាសាយបក្សីនៅឆ្នាំនេះ កំពុងក្លាយជាប្រភពនៃក្តីបារម្ភក្នុងចំណោមអ្នកជំនាញខាងរោគរាតត្បាត ជាពិសេសនៅពេលដែលពិភពលោកកំពុងធូរស្រាលបន្តិចម្តងៗពីជំងឺរាតត្បាត COVID-19៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: