អន្តរជាតិ

ជំងឺផ្តាសាយបក្សីបានឆ្លងរាលដាលដល់ខេត្តចំនួន ២ របស់ប្រទេសជប៉ុន ដែលធ្វើឱ្យអាជ្ញាធរត្រូវបង្កើន​ការប្រុង​ប្រយ័ត្ន​ដល់កម្រិតខ្ពស់បំផុត

BY
autoadmin
November 12, 2021

ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយបក្សីដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីមេរោគដែលមានការឆ្លងរាលដាលខ្លាំងមួយនេះ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ២ របស់ខ្លួន។ ជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងសត្វមាន់ នៅឯកសិដ្ឋានបសុបក្សីក្នុងទីក្រុង Yokote ក្នុងខេត្ត Akita និងក្នុងទីក្រុង Izumi ក្នុងខេត្ត Kagoshima ។ នៅក្នុងខេត្ត Akita គឺជាប្រភេទ H5N8 ដែលជាប្រភេទមានការឆ្លងរាលដាលខ្លាំងបំផុត ខណៈនៅខេត្ត Kagoshima ក៏ស្ថិតនៅក្នុងគ្រួសារ H5 ផងដែរ។

ក្រសួងបរិស្ថាននឹងកំណត់ការរឹតត្បឹតចម្ងាយ ១០ គីឡូម៉ែត្រ ពីកន្លែងដែលមានការឆ្លងនៅខេត្ត Akita និងខេត្ត Kagoshima ដើម្បីធ្វើជាតំបន់ឃ្លាំមើលអាទិភាព និងធ្វើការស្ទង់មតិបន្ទាន់ជាមួយអាជ្ញាធរក្នុងខេត្តទាំង ២ ។ ក្រសួងនិយាយថា ជំងឺគ្រុនផ្តាសាយបក្សីទំនងជាមិនឆ្លងដល់មនុស្សបានងាយនោះទេ លុះត្រាតែពួកគេប៉ះពាល់ជាមួយបក្សីឆ្លងច្រើនពេក។ យ៉ាងណាក៏ដោយ​មន្ត្រី​ក្រសួង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​លាង​ដៃ និង​លាង​មាត់​ឱ្យបាន​ស្អាត ប្រសិនបើ​បានប៉ះ​ពាល់​លាមក​សត្វ​ស្លាប ហើយ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ពេល​រក​ឃើញ​បក្សី​​ព្រៃងាប់​៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: