អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​មេដឹកនាំចិនលោក ស៊ី ជីនពីង នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍ក្រោយនេះ

BY
autoadmin
November 13, 2021

អ្នកនាំពាក្យរបស់សេតវិមានបាន​និយាយ​ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍ក្រោយនេះ។ លេខាធិការសារព័ត៌មានគឺលោកស្រី Jen Psaki បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា មេដឹកនាំទាំង ២ នឹងពិភាក្សាអំពីវិធីនានា ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជាវិធីដើម្បីធ្វើការជាមួយគ្នា ទៅលើអ្វីដែលប្រទេសទាំង ២ មានការយល់ឃើញស្របគ្នា។

ប្រភពបាននិយាយដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើឱ្យច្បាស់នូវចេតនា និងអាទិភាពរបស់សហរដ្ឋអាមេរិក ហើយច្បាស់លាស់ និងឥតលាក់លៀម អំពីកង្វល់របស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ ទោះបីជាលោក បៃដិន ចាត់ទុកប្រទេសចិនថា ជាគូប្រជែងដ៏ពិបាកបំផុតក៏ដោយ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ។ ឥឡូវនេះអ្នកវិភាគកំពុងមើលថា តើកិច្ចពិភាក្សានេះនឹងជួយបន្ធូរបន្ថយភាពតានតឹងលើបញ្ហាដូចជា៖ សន្តិសុខ និងបច្ចេកវិទ្យាទំនើបដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: