ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមសាកល្បងលើមនុស្ស ជាមួយនឹងវ៉ាក់សាំងបាញ់តាមច្រមុះ NASTVAC ដែលជាវ៉ាក់សាំងបង្កើតឡើងនៅក្នុងស្រុក
- BY
- autoadmin
- November 13, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ «NASTVAC» ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotech) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងលើមនុស្ស នៅខែមេសា ឆ្នាំ២០២២ ឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា Biotech គឺជាសាខារបស់ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NSTDA) ហើយខ្លួនបានចាប់ផ្តើមស្រាវជ្រាវលើវ៉ាក់សាំង COVID-19 តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។

លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នាយកនៃទីភ្នាក់ងារច្នៃប្រតិដ្ឋសុខភាពបសុពេទ្យបាននិយាយថា៖«យើងរំពឹងថា នឹងបញ្ជូនឯកសារវ៉ាក់សាំងទាំងអស់ទៅរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) នៅខែកុម្ភៈ ឆ្នាំក្រោយ ហើយសង្ឃឹមថា ការសាកល្បងមនុស្សអាចចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២២»។ ដោយបន្ដថា៖«នៅក្នុងដំណាក់កាលសាកល្បង ២០០-៣០០ ដូសដំបូងរបស់ NASTVAC គឺនឹងត្រូវបានអនុវត្តចំពោះអ្នកស្ម័គ្រចិត្ត។ យើងនឹងប្រកាសពាក្យចូលរួមស្ម័គ្រចិត្ត នៅពេលដែល FDA យល់ព្រមលើការសាកល្បងលើមនុស្សរបស់យើង»។
ជម្រាបផងដែរថា NASTVAC ត្រូវបានបង្កើតឡើងដោយផ្អែកលើវ៉ាក់សាំងបាញ់តាមច្រមុះចំនួន ៣ ប្រភេទ៖ វ៉ាក់សាំងភាគល្អិតដូចជាមេរោគ (VLP), វ៉ាក់សាំងដែលមានមូលដ្ឋានលើជំងឺគ្រុនផ្តាសាយ និងវ៉ាក់សាំងភ្នាក់ងារចម្លង adenovirus»។ Biotech ក៏បាននិយាយកាលពីខែសីហាថា ការពិសោធន៍លើសត្វកណ្ដុរដោយការប្រើប្រាស់វ៉ាក់សាំងប្រភេទ adenovirus បានបង្ហាញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងប្រឆាំងនឹង COVID-19 ខណៈវ៉ាក់សាំងមានមូលដ្ឋានលើជំងឺគ្រុនផ្តាសាយ បានបង្កើតនូវកម្រិតខ្ពស់នៃអង្គបដិប្រាណ និងភាពស៊ាំនៃកោសិកា T នៅក្នុងសត្វកណ្តុរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






