អន្តរជាតិ

ក្រុមហ៊ុនឱសថ Pfizer កំពុងស្នើសុំការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក លើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ របស់ខ្លួន

BY
autoadmin
November 17, 2021

ក្រុមហ៊ុនឱសថអាមេរិក Pfizer បានស្នើសុំទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីសុំការយល់ព្រមឱ្យមានការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ប្រឆាំងនឹងជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើង។ ក្រុមហ៊ុន Pfizer បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃអង្គារ ដោយបាននិយាយថា ខ្លួនកំពុងស្វែងរកការយល់ព្រមលើថ្នាំ Paxlovid សម្រាបការព្យាបាលចំពោះមនុស្សពេញវ័យដែលកើតជំងឺ COVID-19 ចាប់ពីរោគសញ្ញាស្រាលទៅមធ្យម។ ក្រុមហ៊ុននិយាយថា ថ្នាំលេបមួយនេះត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការចម្លងរបស់មេរោគ COVID-19 ហើយនឹង​ត្រូវ​បាន​ប្រើ​រួម​គ្នាជាមួយ​នឹង​ថ្នាំ​អេដស៍ Ritonavir។

ការធ្វើតេស្តគ្លីនិករបស់ក្រុមហ៊ុន Pfizer ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា បានបង្ហាញថា ថ្នាំគ្រាប់នេះបានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ដែលទាក់ទងនឹង COVID-19 ចំនួន ៨៩% ហើយថ្មីៗនេះក្រុមហ៊ុន Pfizer ទើបតែទទួលបានការអនុញ្ញាឱ្យមានការសាកល្បងនៅឯប្រទេសរុស្ស៊ីផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Merck ក៏ទើបតែបានស្នើសុំការយល់ព្រមពី FDA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ចំពោះថ្នាំ Molnupiravir ដែលខ្លួនបានរចនាឡើង ដើម្បីការពារការវិវត្តនៃរោគសញ្ញាធ្ងន់ធ្ងរ ចំពោះអ្នកជំងឺដែលបានឆ្លងជំងឺ COVID-19 ផងដែរ ខណៈកាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងទៅនេះ ថ្នាំគ្រាប់របស់ Merck ត្រូវបានទទួលការអនុញ្ញាតជាលើកដំបូងបំផុតពីអង់គ្លេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: