ម៉្យាងដែរ! មង្គលការសម័យកូវីដ ម្ចាស់ដើមការជូនកាដូមាន់១ក្បាល និងទឹកផ្លែឈើ ឬស្រាបៀរ៤កំប៉ុងទៅឲ្យភ្ញៀវវិញ ដែលមកចងដៃការ តែមិនអង្គុយហូប (មានវីដេអូ)
នាពេលបច្ចុប្បន្ននេះ បើទោះបីជាប្រទេសកម្ពុជាយើងមានការឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនតិចក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែបន្តអនុវត្ត ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនចាប់ផ្តើមប្រារព្ធពិធីមង្គលការឡើងវិញ ដោយគោរពទៅតាមគោលការណ៍របស់ក្រសួង។

ដោយសារតែខ្លាចការឆ្លងជំងឺកូវីដ ភ្ញៀវដែលចូលរួមពិធីមង្គលការខ្លះមិនបានអង្គុយហូបអាហារនោះទេ ដោយគ្រាន់តែចូលចងដៃប៉ុណ្ណោះ ដោយសារតែកុំឲ្យភ្ញៀវចងដៃខាត ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងពិធីមង្គលការមួយនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយម្ចាស់ដើមការធ្វើការចែកជាមាន់១ក្បាល និងទឹកផ្លែឈើ ឬស្រាបៀរ៤កំប៉ុង ទៅឲ្យភ្ញៀវវិញ ដែលមកចងដៃការ តែមិនអង្គុយហូប។
យោងតាមម្ចាស់គណនីហ្វេសប៊ុក Ros Visay បាឲ្យដឹងថា “មិនមែនចែកអំណោយទេបងប្អូន គឺអ្នកភូមិមកចងដៃការតែមិនអង្គុយហូប គឺទទួលបានមាន់មួយ ទឹកផ្លែឈើឬស្រា៤កំប៉ុង😅 # ដំដែក សូទ្រនិគម សៀមរាប#”៕
