ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋ ៦នាក់បន្ថែមទៀតត្រូវបញ្ជូនទៅតុលាការខេត្ត ពាក់ព័ន្ធទន្រ្ទាន ព្រៃលិចទឹកជិត១០០០ហិកតា

    BY Khmernote Media December 8, 2021
    ប្រជាពលរដ្ឋ ៦នាក់បន្ថែមទៀតត្រូវបញ្ជូនទៅតុលាការខេត្ត ពាក់ព័ន្ធទន្រ្ទាន ព្រៃលិចទឹកជិត១០០០ហិកតា

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី០៨ ខែធ្នូ ពាក់ព័ន្ធនឹងការទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង។

    មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ នៅចំណុច ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខណៈពួកគេនៅបន្តចេញចូលនៅតំបន់ ដែលរុករានបង្កបង្កើន ផលនៅតំបន់បីនោះ មិនព្រមចាកចេញឱ្យផុត។

    របាយការណ៍របស់មន្រ្តីជំនាញដឹងថា ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖
    ទី១.ឈ្មោះ សឿត គឹមស៊ន អាយុ ៤៨ឆ្នាំ រស់នៅភូមិ និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
    ទី២.ឈ្មោះ ផល សុផាន់ណា អាយុ ២១ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
    ទី៣.ឈ្មោះ ធន សុផល អាយុ ៤២ឆ្នាំ។
    ទី៤.ឈ្មោះ លឿ អយ អាយុ ២៥ឆ្នាំ។
    ទី៥.ឈ្មោះ មួន គឹមសួន អាយុ ៣០ឆ្នាំ (អ្នកទាំងបីនាក់រស់នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ)។
    និងទី៦.ឈ្មោះ ណីណា អាយុ ៤៥ឆ្នាំ រស់នៅភូមិភ្នំក្រោម ឃុំចុងឃ្នាស ស្រុកនិង ខេត្តសៀមរាប។

    របាយការណ៍បញ្ជាក់បន្ថែមថា នៅមានឈ្មោះ ឈួន រ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិពោធិ៍ សង្កាត់និងខេត្តសៀមរាប ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។

    លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើនេះ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការទន្រ្ទានដីព្រៃលិចទឹកធ្វើការបង្កបង្កើនផល លើផ្ទៃដី ៨៩៥ ហិកតា នៅតំបន់បី ខេត្តបាត់ដំបង ។ លោកបន្ថែមថានៅមានអ្នកពាក់ព័ន្ ធ៤នាក់ទៀត ដែលមានមេក្លោងផង កំពុងរត់គេចខ្លួន ។

    ក្នុងដីការតាមចាប់ខ្លួនចំនួនពីរ របស់សាលាដំបូងខេត្តចុះថ្ងៃទី០៦ ខែធ្នូ ដែលយើងទទួលបាន គឺចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត លោក ឃី ឆៃ បានបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ថន សុផល ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិពាមកំពុងក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ឈ្មោះ ឈួន រ៉ា ភេទប្រុសអាយុ ៤៧ឆ្នាំ រស់នៅ ភូមិពោធិ៍ សង្កាត់និងខេត្តសៀមរាប ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ការកាប់ឆ្ការ គាស់រាន ឈូសឆាយដីព្រៃលិចទឹក និង ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹកនៅចំណុច ក្រុមក្រពើស្គម កៀនស្បូវ និង អូរធ្លាក់ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែតុលា តាមបញ្ញត្តិមាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផល ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តុលាការខេត្តបាត់ដំបងក៏ធ្លាប់ បានសម្រេចឃុំខ្លួន ប្រជាពលរដ្ឋចំនួន ៧នាក់ហើយ នៅពន្ធនាគារ ខេត្តបាត់ដំបង ពាក់ព័ន្ធ នឹងទន្រ្ទានដីព្រៃលិចទឹកប្រមាណ ៥០ហិចតា នៅតំបន់បី ។

    បើតាមរបាយការណ៍របស់គណៈកម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើស រឺទន្រ្ទាន ដីព្រៃលិចទឹក នៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិច ទឹក ៤ស្រុក សរុបចំនួន ១២២២៥.៨ហិកតា ចំនួន ២៩ទីតាំង មានស្រុក មោង ឫស្សី ស្រុកឯកភ្នំ ស្រុកសង្កែ និង ស្រុកថ្មគោល ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: