ប្រទេសចិនអនុម័តថ្នាំអង្គបដិប្រាណជាលើកដំបូងបំផុត សម្រាប់ការព្យាបាលជំងឺកូវីដ១៩ លើមនុស្សពេញវ័យ និងវ័យជំទង់
- BY
- autoadmin
- December 9, 2021
និយតករវេជ្ជសាស្រ្ដរបស់ប្រទេសចិនបានអនុម័តថ្នាំអង្គបដិប្រាណរបស់ក្រុមហ៊ុន Brii Biosciences សម្រាប់ការព្យាបាលជំងឺ COVID-19 លើមនុស្សពេញវ័យ និងមនុស្សវ័យជំទង់ ដែលធ្វើឱ្យវាក្លាយជាថ្នាំអង្គបដិប្រាណដំបូងបំផុត ដែលទទួលបានការអនុញ្ញាតឱ្យមានការប្រើប្រាស់នៅក្នុងប្រទេសចិន។ រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរួមបញ្ចូលគ្នារវាងថ្នាំ BRII-196/BRII-198 គឺសម្រាប់ការព្យាបាលជំងឺ COVID-19 កម្រិតស្រាល និងជាទូទៅ សម្រាប់អ្នកដែលមានហានិភ័យទៅជាឈឺធ្ងន់ធ្ងរ។ វាត្រូវបានអនុម័តសម្រាប់ទាំងមនុស្សពេញវ័យ និងអនីតិជន ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ។

ក្រុមហ៊ុនឱសថ Brii Biosciences បានអះអាងថា ការសាកល្បងដំណាក់កាលទី៣ របស់ថ្នាំលាយបញ្ចូលគ្នា BRII-196/BRII-198 បានបង្ហាញថា វាអាចការបន្ថយការចូលមន្ទីរពេទ្យ និងអត្រាការស្លាប់បាន ៧៨% នៅក្នុងចំណោមអ្នកជំងឺ COVID-19 ដែលងាយនឹងរងគ្រោះ។ ក្រុមហ៊ុនដែលមានការិយាល័យចំនួន ២ នៅក្នុងប្រទេសចិន និង ២ នៅសហរដ្ឋអាមេរិកមួយនេះ ក៏បានដាក់ពាក្យសុំទៅរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក សម្រាប់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់លើថ្នាំអង្គបដិប្រាណរបស់ខ្លួនផងដែរ។ ជាក់ស្ដែង ថ្នាំអង្គបដិប្រាណស្រដៀងគ្នាពី Regeneron Pharmaceuticals និង Eli Lilly ត្រូវបានអនុម័តរួចហើយនៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






