ពលករកម្ពុជា ចាប់ផ្តើមឆ្លងដែនចូលទៅធ្វើការស្របច្បាប់ នៅខេត្តចាន់បូរីប្រទេសថៃបណ្តើរៗហើយ ខណៈអាជ្ញាធរខេត្តនេះគ្រោងទទួលពលករខ្មែរ២ម៉ឺននាក់
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជាការសាកល្បង ដំបូងដោយមានខាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានសហការនាំយកពលករកម្ពុជាតាមរយៈក្រុមហ៊ុនបានបញ្ជូនពលករកម្ពុជាតាមច្រកទ្វារព្រំដែន ដូង-បានឡែម បានតិចតួចនៅឡើយ ទៅធ្វើការនៅខេត្តចាន់បូរីប្រទេសថៃ ដោយតម្រូវឱ្យធ្វើតាមលក្ខខណ្ឌរបស់អាជ្ញាធរថៃ។

លោក ប្រាក់ សំដារ៉ា នាយរងអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិបានឡែម (ច្រកដូង) បានឱ្យដឹងថា ដំណើរការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅខេត្តចាន់បូរី ប្រទេសថៃ តាមរយៈច្រកអន្តរជាតិ ដូងនេះចាប់ផ្តើមពី ថ្ងៃទី០៨ខែធ្នូ មកដល់រសៀលថ្ងៃទី០៩ខែធ្នូ ទើបបានប្រមាណ២០នាក់ប៉ុណ្ណោះតាមរយៈក្រុមហ៊ុន ដែលមានថៅកែជាជនជាតិថៃ ជាអ្នកចាំធានា។
មន្រ្តីអន្តោប្រវេសន៍ខាងលើបានបន្ថែមថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុន ដោយ មាន ថៅកែថៃមកធានានេះ ជាការសាកល្បងសម្រាប់ ខេត្តបាត់ដំបងនិងខេត្តចាន់បូរីប្រទេសថៃប៉ុណ្ណោះ បើសិនជាដំណើរការល្អ ខាងភាគីថៃនឹងទទួលពលករមកធ្វើការនៅខេត្តចាន់បូរីនេះចំនួន២ម៉ឺននាក់ ។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា មកទល់ពេលនេះមិនសូវមានពលករខ្មែរដែលចង់ទៅធ្វើការនៅខេត្តចាន់បូរីប្រទេសថៃ តាមរយៈក្រុមហ៊ុននេះច្រើននៅឡើយទេ គឺមានតិច តួចប៉ុណ្ណោះ ក្នុងរយៈពេលពីរថ្ងៃនេះ។
គួររំលឹកថា ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាល ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សុថេងយ៉ាំ អភិបាលខេត្ដចាន់បុរីបានបញ្ជាក់ថា ពលករកម្ពុជាដែលអាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃត្រូវគោរពតាមលក្ខខណ្ឌដូចជា ពលករត្រូវមានថៅកែជាជនជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើ ដំណើរឱ្យបានជាក់លាក់ ពលករត្រូវភ្ជាប់មកនូវលិខិតធ្វើដំណើរឆ្លងដែនដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗដែលចេញដោយក្រសួងការងារ និងតម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាងបញ្ជាក់ថាធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ (RT-PCR/RTK) មិនឱ្យលើស ៧២ម៉ោងនោះទេ ព្រមនឹងបណ្ណចាក់វ៉ាក់សាំងបាន ២លើកដែលយ៉ាង ហោចណាស់ ត្រូវបានចាក់វ៉ាក់លើសពី ១៤ថ្ងៃឡើង ។
ឯកឧត្ដមបន្ថែមថា ពលករកម្ពុជាតម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត ៧ថ្ងៃ និងត្រូវតេស្ដរកជំងឺកូវីដ១៩ ២លើកក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូងនៃការធ្វើចត្តាឡីស័ក និងតេស្ដលើកទី២ នៅថ្ងៃទី៦ ឬទី៧ នៃការធ្វើចត្តាឡីស័ក បើសិនជាការធ្វើចត្តាឡីស័កឆ្លងកាត់ការតេស្ដរកឃើញថាអវិជ្ជមានជំងឺកូវីដ១៩ ពលករកម្ពុជាអនុញ្ញាតឱ្យបម្រើការងារនៅក្នុងប្រទេសថៃបានរយៈពេល ៣០ថ្ងៃប៉ុណ្ណោះក្នុងការបោះត្រាម្ដង៕




ប្រភព៖ ក្រសួងព័ត៌មាន