ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងឧបករណ៍ និងដាក់ឲ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរស័ព្ទ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា នាពេលខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងឧបករណ៍ និងដាក់ឲ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់ក្នុងវិស័យទូរគមនាគមន៍ ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគម៍នេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយផលិតដោយក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ សាធាណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងចក្រភពអង់គ្លេស ដើម្បីជាជំនួយបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិចុះទៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ក្នុងការវាស់ស្ទង់ តាមដាន វាយតម្លៃ និងចេញផ្សាយរបាយការណ៍ត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នៅពេលដាក់ឲ្យដំណើរការជាផ្លូវការ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ តាមប្រព័ន្ធ Mobile App នេះ ប្រជាពលរដ្ឋអាចចូលរួមចំណែកជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការវាស់ស្ទង់គុណភាពសេវាទូរសព្ទដោយស្វ័យប្រវត្តិនិងអាចផ្ទៀងផ្ទាត់ ដោយខ្លួនឯងនូវល្បឿនអ៊ិនធីណេត ដែលបានជាវពីប្រតិបត្តិករទូរគមនាគមន៍ថាតើត្រឹមត្រូវឬទេ។
ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា នឹងផ្តល់កិច្ចសហការ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៅពេលអ្នកប្រើប្រាស់ មានបំណងប្តឹងទាមទារការខាតបង់ និងសំណងពីប្រតិបត្តិករទូរគមនាគមន៍៕
