ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រាយចម្ងល់! បើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តើអាចឈប់ឡានបត់ជើងបានអត់? ចុះបើកបែកកង់ត្រូវធ្វើយ៉ាងម៉េច?

    BY Khmernote Media December 10, 2021
    ស្រាយចម្ងល់! បើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តើអាចឈប់ឡានបត់ជើងបានអត់? ចុះបើកបែកកង់ត្រូវធ្វើយ៉ាងម៉េច?

    ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផលលឿនជាងផែនការហើយរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតមកទល់បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ មានវឌ្ឍនភាពជារួមប្រមាណជា ៧០ ភាគរយហើយ។ មានចម្ងល់ជាច្រើនបានលើកឡើងថា តើអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននេះ អាចឈប់ឡានដើម្បីបត់ជើងបានដែរឬទេ?

    ជុំវិញចម្ងល់នេះ បើយោងតាមការបញ្ជាក់លើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឲ្យដឹងថា «ចំណេះដឹងរហ័ស  បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់»

    មហាជនក៏មានចម្ងល់ទៀតថា «ចុះបើក្នុងករណីបែកកង់នៅលើផ្លូវល្បឿនលឿននេះ តើត្រូវធ្វើដូចម្តេច?»។ គណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឲ្យដឹងថា «បើបែកកង់ត្រូវប្រញាប់ឈប់ឡាននៅលើផ្លូវអាសន្ន មានផ្លូវមួយទុកសម្រាប់ការអាសន្នបែបនេះ។ បន្ទាប់មកត្រូវលើកផ្លាកក្រោយឡានដើម្បីឲ្យឡានក្រោយដឹងអំពីបញ្ហានៅខាងមុខ រួចទាក់ទងប៉ូលិសចរាចរណ៍មកជួយអូសឡាន»។

    គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

    Share This Post: