ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចក្រភពអង់គ្លេសបាននិយាយថា វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ អាចផ្ដល់ការការពារពីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» បានពី ៧០ ទៅ ៧៥ ភាគរយ

    BY autoadmin December 11, 2021
    ចក្រភពអង់គ្លេសបាននិយាយថា វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ អាចផ្ដល់ការការពារពីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» បានពី ៧០ ទៅ ៧៥ ភាគរយ

    អាជ្ញាធរសុខាភិបាលអង់គ្លេសបាននិយាយថា ការសិក្សាជាបឋមបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ដូសជំរុញ នឹងផ្តល់ការការពារពី ៧០ ទៅ ៧៥% ប្រឆាំងនឹងវ៉ារ្យ៉ង់ Omicron (អូមីក្រុង) ដែលមានចេញរោគសញ្ញា។ ទីភ្នាក់ងារសន្តិសុខសុខភាពកាលពីថ្ងៃសុក្របានចេញផ្សាយលទ្ធផលដំបូងនៃការសិក្សារបស់ខ្លួន ដែលបានធ្វើការសិក្សាលើមនុស្ស ៥៨១នាក់ ពាក់ព័ន្ធនឹងវ៉ារ្យ៉ង់ Omicron ហើយក្នុងចំណោមអ្នកចូលរួមមួយចំនួន គឺបានទទួលថ្នាំបង្ការចំនួន ២ដង ខណៈអ្នកផ្សេងទៀតបានចាក់ដូសជំរុញរួចរាល់។

    លទ្ធផលបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំង ២ដូស មានកម្រិតប្រឆាំងនឹងរោគសញ្ញានៃវ៉ារ្យ៉ង់ Omicron ទាបជាង បើប្រៀបនឹងវ៉ារ្យ៉ង់ Delta ។ ជាមួយគ្នានេះដែរ ពី ៧០ ទៅ ៧៥% នៃអ្នកដែលបានទទួលដូសជំរុញ ឬដូសទី០៣ គឺមិនមានរោគសញ្ញាអ្វីនោះទេ។ ទីភ្នាក់ងារព្រមានថា ការប៉ាន់ប្រមាណដំបូងទាំងនេះ គួរតែត្រូវបានសង្កេតដោយប្រុងប្រយ័ត្ន។ ខ្លួននិយាយថា ការស្រាវជ្រាវបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីកំណត់ថា តើដូសជំរុញនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះបានប៉ុនណា។

    ជម្រាបដែរថា ចក្រភពអង់គ្លេសបានកត់ត្រាករណីរបស់ Omicron បន្ថែមចំនួន ៤៤៨ ករណី កាលពីថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបរបស់ Omicron កើនឡើងដល់ ១,២៦៥ ករណី។ ទីភ្នាក់ងារនេះនិយាយថា តាមល្បឿនបច្ចុប្បន្ន Omicron នឹងមានចំនួនច្រើនជាង ៥០% នៃចំនួនឆ្លងមេរោគ COVID-19 ទាំងអស់ នៅពាក់កណ្តាលខែធ្នូ។ ទីក្រុងឡុងដ៍កំពុងព្យាយាមធ្វើឱ្យមនុស្សគ្រប់រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទទួលការចាក់ថ្នាំបង្ការដូសទី៣ ឬដូសជំរុញ នៅចុងខែក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: