កូរ៉េខាងត្បូងនឹងដាក់ពង្រាយប្រព័ន្ធសម្គាល់មុខ ដែលដំណើរការដោយ AI ដើម្បីតាមដានអ្នកឆ្លងជំងឺកូវីដ១៩
- BY
- autoadmin
- December 13, 2021
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងសាកល្បងប្រព័ន្ធសម្គាល់មុខ ដែលដំណើរការដោយ AI ដើម្បីតាមដានអ្នកឆ្លង COVID-19 ហើយគម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅក្នុងខែមករាឆ្នាំក្រោយ ក្នុងទីក្រុង Bucheon ដែលជាទីក្រុងមួយ នៅចន្លោះរដ្ឋធានីសេអ៊ូល និងអ៉ីនឈុន។ ប្រព័ន្ធនេះនឹងវិភាគវីដេអូពីកាមេរ៉ា CCTV ច្រើនជាង ១០,០០០ គ្រឿង និងតាមដានចលនារបស់អ្នកជំងឺ COVID-19 ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ រដ្ឋាភិបាលបានបញ្ចូលទឹកប្រាក់ចំនួន ១.៦ ពាន់លានវ៉ុន (១.៣ លានដុល្លារ) ទៅក្នុងគម្រោងនេះ ខណៈដែលទីក្រុង Bucheon បានបន្ថែម ៥០០ លានវ៉ុន បន្ថែមពីលើនោះទៀត។

របាយការណ៍ព័ត៌មានបានកត់សម្គាល់ថា គម្រោងនេះនឹងជួយកាត់បន្ថយភាពតានតឹងលើក្រុមតាមដាន ដែលធ្វើការលើសម៉ោង ព្រោះថាប្រព័ន្ធនេះអាចតាមដានមនុស្ស ១០នាក់ នៅក្នុងពេលដំណាលគ្នា ក្នុងរយៈពេលពី ៥ ទៅ ១០ នាទី។ ពោលគឺវាអាចកាត់បន្ថយពេលវេលានិងកម្លាំងមនុស្ស ដែលជាធម្មតាត្រូវចំណាយពេលប្រហែលកន្លះម៉ោង ឬច្រើនជាងនេះ ក្នុងមនុស្សម្នាក់ៗ។ អភិបាលក្រុង Bucheon លោក Jang Deog-cheon បានបន្ថែមថា បច្ចេកវិទ្យាសម្គាល់មុខនឹងធ្វើឱ្យការតាមដានកាន់តែលឿន នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាយដាលនៃជំងឺ COVID-19 នេះ។
បើទោះបីជាពួកគេបានដាក់ព្រងាយប្រព័ន្ធ «តឹងតែង និងជាបច្ចេកវិទ្យាខ្ពស់» ដែលប្រមូលកំណត់ត្រាកាតឥណទាន ទីតាំងទូរសព្ទ និងវីដេអូ CCTV ក្នុងចំណោមព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតក៏ដោយ ប្រទេសកូរ៉េខាងត្បូងនៅតែពឹងផ្អែកលើអ្នកស៊ើបអង្កេត ដែលជាធម្មតាធ្វើការពេញ ២៤ ម៉ោង។ យ៉ាងណាក៏ដោយ ប្រព័ន្ធនេះត្រួតពិនិត្យបុគ្គលដែលវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុណ្ណោះ ដោយមិនប៉ះពាល់អ្នកផ្សេងនោះទេ ដើម្បីគោរពតាមបទប្បញ្ញត្តិក្រោមច្បាប់គ្រប់គ្រង និងការពារជំងឺឆ្លង ហើយមិនប៉ះពាល់ដល់ភាពឯកជនរបស់ពលរដ្ឋ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






