ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ កែលម្អសម្រេចបាន១០០ភាគរយហើយ

    BY Khmernote Media December 13, 2021
    សួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ កែលម្អសម្រេចបាន១០០ភាគរយហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ក្រុមការងារនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការកែសម្រួលសម្រេចបាន១០០ភាគរយ ហើយ ដើម្បីឱ្យទាន់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារក្រសួងការពាជាតិ ដែលគ្រោងនឹង សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅខែចុងខែធ្នូ ឆ្នាំ២០២១នេះ។

    លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះថា សួនច្បារនេះត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពី ខែកក្កដា ឆ្នាំ២០២១ ដោយបានឱ្យអង្គភាពរបស់លោកជំរុញការងារនេះ ធ្វើយ៉ាងណា ឱ្យរួចរាល់នៅមុនពិធីសម្ពោធអគារក្រសួងការពារជាតិនេះ។

    លោក សំ សាមុត បានបញ្ជាក់ថា សួនច្បារនេះយើងបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះយើងបានពង្រីកឱ្យផ្លូវធំទូលាយ មានទាំងសួនច្បារ មានស្មៅ និងបើកផ្លូវនៅមុខក្រសួងការពារជាតិ ដែលមានទទឹង៤៥ម៉ែត្រ នោះសម្រេចបាន១០០ភាគរយហើយ។

    លោកបន្តទៀតថា អង្គភាពរបស់លោក នឹងធ្វើការកែលម្អសួនច្បារនេះ ចាប់ពីក្តាន់២ រហូតដល់មុខវិមានសន្តិភាពបន្តទៀត ដើម្បីឱ្យសួនច្បារនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌ មករា ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះ។

    សូមបញ្ជាក់ថា គម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួន ចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ហើយសួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែង ហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: