ការប្រយុទ្ធគ្នារវាងកងកម្លាំងជនជាតិភាគតិច និងកងទ័ពយោធា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ត្រូវរត់ភៀសខ្លួនចេញទៅប្រទេសថៃ
- BY
- autoadmin
- December 18, 2021
ការប្រយុទ្ធគ្នារវាងកងកម្លាំងជនជាតិភាគតិច Karen និងកងទ័ពយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺកាន់តែមានសភាយ៉ាប់យ៉ឺនខ្លាំងឡើងៗ នៅតាមព្រំដែនជាប់ប្រទេសថៃ ដែលវាបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់ភាគីប្រទេសថៃ។ ការប្រយុទ្ធគ្នាត្រូវបានគេរាយការណ៍ថា បានផ្ទុះឡើងកាលពីថ្ងៃពុធ នៅក្នុងរដ្ឋ Karen ភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា ហើយកងទ័ពថៃបាននិយាយថា មនុស្សជាង ២,៥០០ នាក់ ដែលភាគច្រើនជាមនុស្សចំណាស់ និងក្មេងៗ បានភៀសខ្លួនទៅស្រុកម៉ែសត របស់ប្រទេសថៃដែលនៅក្បែរនោះ។

ការប្រយុទ្ធគ្នានេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ដែលបង្កើតឡើងដោយមេដឹកនាំស៊ីវិល ដែលត្រូវបានពួកយោធាទម្លាក់អំណាចទៅវិញ បានអំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បះបោរប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅក្នុងខែកញ្ញា។ អ្នកនាំពាក្យក្រុមជនជាតិបាននិយាយថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់នៅខាងយោធា ប៉ុន្តែរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ក្នុងចំណោមយុទ្ធជន ឬពលរដ្ឋរបស់ពួកគេទេបានស្លាប់នោះទេ។
អ្នកនាំពាក្យបានបន្ថែមថា យោធាកំពុងកំណត់គោលដៅលើកងកម្លាំងជីវពលស៊ីវិល ហើយការប្រយុទ្ធគ្នានឹងមានភាពតានតឹងឡើង។ ចំណែកឯកងទ័ពថៃវិញបាននិយាយថា គ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចូលទៅក្នុងប្រទេសថៃ ប៉ុន្តែវាមិនបានបង្កគ្រោះថ្នាក់ដល់មនុស្ស ឬទ្រព្យសម្បត្តិណាមួយឡើយ ហើយភាគីថៃក៏បានតវ៉ាទៅយោធាមីយ៉ាន់ម៉ាជុំវិញឧបទ្ទវហេតុនេះដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






