អង្គការសុខភាពពិភពលោកបានចុះបញ្ជីឱ្យមានការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសឥណ្ឌា Covovax
- BY
- autoadmin
- December 18, 2021
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ បានចុះបញ្ជីឱ្យមានការប្រើប្រាស់ជាបន្ទាន់មួយ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax ដែលផលិតដោយវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា។ ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់សម្រាប់ Covovax ដែលផលិតដោយប្រទេសឥណ្ឌា នឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនទាំង ២ ក្នុងការបញ្ជូនវ៉ាក់សាំងរបស់ពួកគេ ទៅក្នុងកម្មវិធី COVAX ។ វាក៏ជួយសម្រួលដល់ក្រុមហ៊ុន Novavax ផងដែរ បន្ទាប់ពីបានប្រឈមនឹងការពន្យារពេលជាច្រើន។

សព្វថ្ងៃវ៉ាក់សាំងផ្ទាល់របស់ក្រុមហ៊ុន Novavax គឺ Nuvaxovid ក៏កំពុងស្ថិតក្រោមការវាយតម្លៃដោយទីភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency) ហើយ WHO បាននិយាយថា ខ្លួននឹងបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើវ៉ាក់សាំងមួយនោះនៅពេលដែល EMA បានចេញអនុសាសន៍របស់ខ្លួន។ សម្រាប់អង្គការសុខភាពពិភពលោក ការត្រួសត្រាយផ្លូវឱ្យវ៉ាក់សាំង Covovax នឹងក្លាយជាការជំរុញដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសក្រីក្រ ក្រោមកម្មវិធី COVAX ដែលត្រូវបានកាត់បន្ថយ ដោយសារការពន្យារពេលដឹកជញ្ជូននៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






