ពលរដ្ឋម៉ាឡេស៊ីជាង ២០,០០០ នាក់ ត្រូវបង្ខំចិត្តជម្លៀសពីផ្ទះសម្បែងរបស់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ភ្លាមៗបានបណ្ដាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ
- BY
- autoadmin
- December 20, 2021
មនុស្សជាង ២០,០០០ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារទៅលើរដ្ឋជាច្រើន ដែលបណ្តាលឱ្យមានទឹកជំនន់រីករាលដាលធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ បានបណ្តាលឱ្យជន់លិចផ្ទះ និងអគារផ្សេងៗទៀត នៅតំបន់ជាច្រើនក្នុងប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យនេះ មានមនុស្សប្រហែល ២១,០០០ នាក់ នៅក្នុងរដ្ឋចំនួន ៧ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ រួមទាំងទីក្រុង Selangor នៅជិតរដ្ឋធានី Kuala Lumpur ផងដែរ។

ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ ដោយសារផ្លូវហាយវេ និងផ្លូវដែកត្រូវបានលិចទឹក និងស្ទះដោយការរអិលបាក់ដី។ នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយថា កម្លាំងប៉ូលីស កងទ័ព និងនាយកដ្ឋានពន្លត់អគ្គីភ័យ ប្រមាណជា ៦៦,០០០ នាក់ ត្រូវបានប្រមូលពីទូទាំងប្រទេស ដើម្បីជួយសង្រ្គោះប្រជាជនដែលជាប់គាំងដោយទឹកជំនន់ និងនាំពួកគេទៅកាន់ទីជម្រកបណ្ដោះអាសន្ន។
ប្រជាជនស្ថិតក្នុងភាពភ័យស្លន់ស្លោ ហើយដោយសារតែភ្លៀងធ្លាក់ភ្លាមៗ វាធ្វើឱ្យរដ្ឋកាន់តែពិបាករៀបចំខ្លួន សម្រាប់ការជម្លៀសចេញបាន។ នាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលនឹងបង្កើនការគាំទ្រសម្រាប់អ្នកជម្លៀសខ្លួន ដូចជាការកែលម្អលក្ខខណ្ឌអនាម័យនៅក្នុងជម្រកជាដើម។ ជម្រាបដែរថា ទឹកជំនន់ជារឿយៗកើតឡើងនៅប្រទេសម៉ាឡេស៊ីក្នុងរដូវខ្យល់មូសុង។ រដ្ឋាភិបាលនិយាយថា គិតត្រឹមភ្លៀងកាលពីថ្ងៃសៅរ៍តែមួយ តំបន់ដែលរងប៉ះពាល់មួយចំនួន មានបរិមាណទឹកភ្លៀងស្មើនឹងមធ្យមភាគប្រចាំខែរបស់ខ្លួន៕



- Share This Post:






