អន្តរជាតិ

អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិកនិយាយថា ការធ្វើដំណើរនៅអំឡុងបុណ្យណូអែលនឹងបង្កើនការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង

BY
autoadmin
December 20, 2021

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការធ្វើដំណើរនៅក្នុងឱកាសបុណ្យណូអែលនឹងបង្កើនការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង សូម្បីតែក្នុងចំណោមវ៉ាក់សាំងពេញលេញក៏ដោយ។ លោកវេជ្ជបណ្ឌិត Anthony Fauci បានប្រាប់នៅក្នុងកម្មវិធី Meet the Press របស់ NBC កាលពីថ្ងៃអាទិត្យថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេអំពីរឿងនេះ [Omicron] មានសមត្ថភាពអស្ចារ្យក្នុងការរីករាលដាល»។ លោកបានបន្ថែមថា វ៉ារ្យ៉ង់អូមីក្រុង កំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ខណៈបណ្ដាប្រទេសជាច្រើន ក៏ចាប់ផ្ដើមដាក់វិធានការថ្មីៗដើម្បីទប់ស្ដាត់ការផ្ទុះឡើងនៅក្នុងចំនួនច្រើន។

ជាក់ស្ដែងនៅតំបន់អឺរ៉ុប ដូចជាប្រទេសបារាំង និងអាឡឺម៉ង់ ក៏ស្ថិតក្នុងចំណោមប្រទេសដែលចេញការរឹតបន្តឹងការធ្វើដំណើរ ហើយប្រទេសហូឡង់ បានដាក់ការបិទទ្វារយ៉ាងតឹងរ៉ឹងក្នុងឱកាសបុណ្យណូអែល។ រដ្ឋាភិបាល​ក៏​កំពុង​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ផងដែរ​ បន្ទាប់ពី​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ ការ​វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ អាច​ផ្តល់​ការ​ការពារ​ប្រហែល ៨៥% ពី​ជំងឺ​ធ្ងន់ធ្ងរ។ កាលពីថ្ងៃអាទិត្យ លោកវេជ្ជបណ្ឌិត Fauci ក៏បាននិយាយដែរថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង នៅសហរដ្ឋអាមេរិក អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេវាសុខភាពនៅទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា ប្រជាជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ដូចជាការពាក់ម៉ាស់មុខ និងការរក្សាគម្លាតសង្គម ខណៈការប៉ាន់ប្រមាណចុងក្រោយរបស់ CDC បានបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុង មានប្រហែល ៣% នៃករណីបច្ចុប្បន្ន ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងរដ្ឋញូវយ៉ក។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ច្រើនជាង ៥០លានករណី និងមានអ្នកស្លាប់ដោយសារជំងឺច្រើនជាង ៨០០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC/

Share This Post: