អ្នកជំនាញសុខភាពថៃនិយាយថា ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង មិនធ្វើឱ្យអ្នកជំងឺឈឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ ដែលតា នោះទេ
- BY
- autoadmin
- December 23, 2021
លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈថៃ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បានមានប្រសាសន៍ថា ទិន្នន័យដែលប្រមូលបាននៅទូទាំងពិភពលោក លើជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញថា វ៉ារ្យ៉ងនេះមិនសូវធ្ងន់ធ្ងរជាងប្រភេទ ដែលតា ដែលជាវ៉ារ្យ៉ង់ឈានមុខគេនៅប្រទេសថៃនោះទេ។ គាត់បាននិយាយថា៖«វ៉ារ្យ៉ង់ អូមីក្រុង អាចនឹងឆ្លងលឿនជាងវ៉ារ្យ៉ង់ ដែលតា ប៉ុន្តែអ្នកជំងឺ អូមីក្រុង តិចនាក់ណាស់ ដែលបានវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ឬបានស្លាប់»។

លោកបាននិយាយថា៖«សូមយកប្រទេសអង់គ្លេសជាឧទាហរណ៍ ដែលនៅទីនោះបានរាយការណ៍ពីករណី អូមីក្រុង ច្រើនជាង ១០,០០០ ហើយមានអ្នកស្លាប់ត្រឹមតែ ១២នាក់ ឬត្រឹមតែ ០.១២% ប៉ុណ្ណោះ»។
ជាក់ស្ដែង មហាវិទ្យាល័យ Imperial College London កាលពីដើមសប្តាហ៍នេះ បានចេញផ្សាយការសិក្សាមួយដែលបានរកឃើញថា អ្នកដែលឆ្លងមេរោគ អូមីក្រុង នៅក្នុងប្រទេសអង់គ្លេស មានតិចជាង ១៥ ទៅ ២០% ដែលបានឈឺធ្ងន់ធ្ងរ ហើយត្រូវការចូលសង្គ្រោះបន្ទាន់ ខណៈ ៤០% ផ្សេងទៀត ត្រូវការសម្រាកមួយយប់នៅមន្ទីរពេទ្យ បើប្រៀបធៀនទៅនឹងអ្នកដែលឆ្លងមេរោគ ដែលតា ។ លោក Kiattiphum បាននិយាយថា លោកមានជំនឿចិត្តថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃមានសមត្ថភាពគ្រប់គ្រាន់ ប្រសិនបើវ៉ារ្យ៉ង់ អូមីក្រុង នឹងវាយប្រហារប្រទេសនេះក្នុងចំនួនច្រើន។
លោកបានបន្ថែមថា ការពីជំនាន់វ៉ារ្យ៉ង់ ដែលតា កំពុងជាវ៉ារ្យ៉ង់នាំមុខគេនៅក្នុងការឆ្លង ក្នុងខែឧសភា ឆ្នាំ២០២១ គឺមានពលរដ្ឋថៃត្រឹមតែ ២០ ទៅ ៣០% ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយគ្រែនៅតាមមន្ទីរពេទ្យក៏ត្រូវបានបំពេញ និងមានការខ្វះខាត។ វាខុសពីពេលឥឡូវ ដែលពលរដ្ឋថៃរហូតដល់ទៅ ៦៣% បានទទួលវ៉ាក់សាំងបង្ការ ស្របពេលដែលនៅតាមផ្ទះ និងសហគមន៍ សុទ្ធត្រូវបានរៀបចំឱ្យមានប្រព័ន្ធដាក់ដោយឡែក ដែលអាចសម្រួលដល់អ្នកជំងឺ ហើយការពារពួកគេពីការចម្លងបន្ដ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






