កូរ៉េខាងត្បូងបានលើកលែងទោសអតីតប្រធានាធិបតី ផាក គុនហេ ដែលធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២២ឆ្នាំ ដោយសាររឿងអាស្រូវពុករលួយ
- BY
- autoadmin
- December 24, 2021
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បាននិយាយថា អតីតប្រធានាធិបតី Park Geun-hye (ផាក គុនហេ) ដែលធ្លាប់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២០ឆ្នាំ នៅក្នុងរឿងអាស្រូវពុករលួយ និងរំលោភអំណាច ពេលនេះត្រូវបានគេលើកលែងទោសវិញហើយ។ លោករដ្ឋមន្ត្រី Park Beom-kye បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីស្ថិតនៅក្នុងបញ្ជីអ្នកដែលទទួលបានការលើកលែងទោសពិសេស ហើយត្រូវបានលើកលែងទោសដោយគិតពី «ទស្សនៈនៃការរួបរួមជាតិ»។

ជម្រាបដែរថា លោកស្រី ផាក គុនហេ បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៣ ដោយគាត់បានដើរតួជាកូនស្រីរបស់ប្រទេស មិនចេះពុករលួយ និងមិនជំពាក់នរណាម្នាក់ឡើយ។ តិចជាង ៤ ឆ្នាំក្រោយមក លោកស្រីក៏ត្រូវបានចោទប្រកាន់ និងបណ្តេញចេញពីតំណែង បន្ទាប់ពីរឿងអាស្រូវពុករលួយរបស់លោកស្រី ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំតាមដងផ្លូវ។ ស្ត្រីវ័យ ៦៩ ឆ្នាំរូបនេះ ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទសូកប៉ាន់ និងការរំលោភអំណាច បូកនឹងទោស ២ ឆ្នាំបន្ថែមទៀត សម្រាប់ការរំលោភច្បាប់បោះឆ្នោត។
រឿងអាស្រូវពុករលួយរបស់លោកស្រីត្រូវបានលាតត្រដាង មានទាំងទំនាក់ទំនងជាមួយអាជីវកម្មធំៗ និងនយោបាយនៅក្នុងប្រទេស ដោយលោកស្រី ផាក គុនហេ និងមិត្តរបស់គាត់ គឺលោកស្រី Choi Soon-sil ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុន Samsung Electronics ជាថ្នូរនឹងការអនុគ្រោះ។ លទ្ធផលនៃប្រតិកម្មសាធារណៈប្រឆាំងនឹងលោកស្រី ផាក គុនហេ និងគណបក្សអភិរក្សនិយមរបស់លោកស្រី បានជួយជំរុញឱ្យលោក Moon Jae-in ដែលជាអ្នកប្រកាន់ឆ្វេងឡើងកាន់អំណាច៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






