អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Merck

BY
autoadmin
December 24, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ភ្នាក់ងារ FDA កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យប្រើប្រាស់នូវថ្នាំគ្រាប់ Molnupiravir សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាឆ្លងជំងឺ COVID-19 ពីកម្រិតស្រាលទៅមធ្យម ដើម្បីការពារមេរោគឆ្លងពីការចម្លងបន្ថែមទៀតនៅក្នុងខ្លួនមនុស្ស។

ទីភ្នាក់ងារនេះបាននិយាយថា ថ្នាំ Molnupiravir អាចត្រូវផ្ដល់ជូលទៅអ្នកជំងឺដែលមាន «ហានិភ័យខ្ពស់សម្រាប់ការវិវត្តទៅជា COVID-19 ធ្ងន់ធ្ងរ» និង «សម្រាប់អ្នកដែលមិនអាចមានជម្រើសផ្សេងទៀត ឬការព្យាបាលឱ្យសមរម្យ ដែលត្រូវបានអនុញ្ញាតដោយ FDA»។ ទីភ្នាក់ងារនេះបាននិយាយថា វាអាចប្រើបានតែតាមវេជ្ជបញ្ជាប៉ុណ្ណោះ ហើយការព្យាបាលគួរតែត្រូវបានចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ COVID-19 ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញារបស់ពួកគេ។

FDA បាននិយាយថា ថ្នាំនេះនឹងអាចឱ្យប្រើប្រាស់លើអ្នកជំងឺ COVID-19 ដែលជាស្ត្រីមានផ្ទៃពោះបាន លុះត្រាតែអ្នកផ្តល់សេវាថែទាំសុខភាពកំណត់ថា អត្ថប្រយោជន៍របស់ថ្នាំមានលើសពីហានិភ័យសម្រាប់អ្នកជំងឺនោះ។ FDA បានចេញការអនុញ្ញាតនេះ បន្ទាប់ពីបានវាយតម្លៃលទ្ធផលនៃការសាកល្បងព្យាបាល ដែលពាក់ព័ន្ធនឹងអ្នកជំងឺពេញវ័យ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ COVID-19 ធ្ងន់ធ្ងរ ហើយការសាកល្បងនោះបានបង្ហាញថាថ្នាំ Molnupiravir បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ប្រហែល ៣០% នៅពេលដែលបានប្រើវាក្នុងរយៈពេល ៥ថ្ងៃ នៃការចាប់ផ្តើមចេញរោគសញ្ញា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: