អ្នកវិទ្យាសាស្ត្ររកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលមានអាយុកាល ៧០លានឆ្នាំ និងនៅរក្សាទ្រង់ទ្រាយបានយ៉ាងល្អ នៅក្នុងទីក្រុង Ganzhou របស់ប្រទេសចិន
- BY
- autoadmin
- December 24, 2021
អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលត្រូវបានរក្សាយ៉ាងល្អឥតខ្ចោះនៅក្នុងសំបកស៊ុតរបស់វា ដែលមើលទៅគឺដូចជាកូនមាន់អីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អំប្រ៊ីយ៉ុងនេះត្រូវបានគេរកឃើញនៅទីក្រុង Ganzhou ភាគខាងត្បូងប្រទេសចិន ហើយអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា វាមានអាយុកាលយ៉ាងតិច ៦៦លានឆ្នាំ។ វាត្រូវបានគេជឿថា ជាដាយណូស័រពូជ Theropod គ្មានធ្មេញ ឬជាពូជ Oviraptorosaur និងត្រូវបានគេដាក់ឈ្មោះថា Baby Yingliang ។

រូបស៊ុតដែលត្រូវបានគូរទៅតាមទម្រង់របស់ហ្វូស៊ីល
លោកស្រីវេជ្ជបណ្ឌិត Fion Waisum Ma បាននិយាយថា៖ «វាគឺជាអំប្រ៊ីយ៉ុងដាយណូស័រដ៏ល្អបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» ដោយសារថា វានៅរក្សាបានទ្រង់ទ្រាយដើមយ៉ាងល្អ ដែលអាចឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែមអំពីដាយណូស័រ។ ស៊ុតនេះមានប្រវែងប្រហែល ១៧ សង់ទីម៉ែត្រ ហើយដាយណូស័រដែលនៅក្នុងស៊ុត ត្រូវបានគេប៉ាន់ស្មានថា មានប្រវែង ២៧ សង់ទីម៉ែត្រ ពីក្បាលដល់កន្ទុយរបស់វា។ បើយើងមើលទៅតាមរូបភាព វាបានបង្ហាញថា កូនដាយណូស័រគឺកំពុងដេកឱបពោះ ដែលដូចនឹងបក្សីមុនពេលវាញាស់ពីស៊ុតផងដែរ។
ការរកឃើញនេះក៏បានផ្តល់ឱ្យអ្នកស្រាវជ្រាវនូវការយល់ដឹងកាន់តែច្រើន អំពីទំនាក់ទំនងរវាងដាយណូស័រ និងសត្វស្លាបសម័យទំនើប។ លោកស្រីវេជ្ជបណ្ឌិត Ma បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖«ការរកឃើញនេះគឺបានបង្ហាញថា អាកប្បកិរិយាបក្សីសម័យទំនើប បានវិវត្តន៍ និងមានប្រភពដើមដំបូង ក្នុងចំណោមដាយណូស័រដែលជាបុព្វបុរសរបស់ពួកគេដែរ»៕



អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






