អន្តរជាតិ

ប្រទេសជប៉ុនអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck

BY
autoadmin
December 25, 2021

ក្រសួង​សុខាភិបាល​ជប៉ុន​កាលពីថ្ងៃសុក្រ បាន​អនុញ្ញាត​ឱ្យ​មានការប្រើ​ប្រាស់ថ្នាំ​គ្រាប់ព្យាបាល​ជំងឺ COVID-19 ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Merck ។ ក្រសួងគ្រោងនឹងបញ្ជូនថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck ទៅកាន់ស្ថាប័នវេជ្ជសាស្ត្រ ហាងលក់ថ្នាំ និងកន្លែងផ្សេងៗទៀតទូទាំងប្រទេស ដើម្បីឱ្យអ្នកជំងឺអាចចាប់ផ្តើមទទួលយកវានៅដើមសប្តាហ៍ក្រោយ។ ថ្នាំនេះគឺជាថ្នាំគ្រាប់ដំបូងគេនៅក្នុងប្រទេសជប៉ុន សម្រាប់ការពារអ្នកជំងឺ COVID-19 ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។

អ្នកជំងឺដែលអាចទទួលថ្នាំ Molnupiravir ត្រូវតែមានអាយុយ៉ាងតិច ១៨ឆ្នាំ មានរោគសញ្ញាស្រាល ឬមធ្យម និងមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ វានឹងមិនត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ស្ត្រីមានផ្ទៃពោះទេ ហើយថ្នាំនេះនឹងត្រូវបានគ្រប់គ្រងក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។ វានឹងមកក្នុងទម្រង់ជាថ្នាំគ្រាប់ ដែលត្រូវលេប ២ដងក្នុងមួយថ្ងៃ និងលេបរយៈពេល ៥ថ្ងៃ។ ក្រសួង​និយាយ​ថា ​ថ្នាំ​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​ដោយ​មិន​គិត​ថ្លៃឡើយ។

ក្រុមហ៊ុន Merck និយាយថា ការសាកល្បងព្យាបាលបង្ហាញថា Molnupiravir បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬមរណភាពប្រហែល ៣០ ភាគរយ។ ថ្នាំនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយបន្ទុកលើអ្នកជំងឺ និងស្ថាប័នវេជ្ជសាស្រ្ដ ព្រោះវាអាចយកទៅប្រើប្រាស់នៅផ្ទះបាន។ ក្រសួងបានធានាការផ្គត់ផ្គង់សម្រាប់អ្នកជំងឺ ១.៦ លាននាក់ ហើយថ្នាំសម្រាប់មនុស្ស ២០០,០០០ នាក់ នឹងត្រូវបានផ្តល់ជូននៅឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: