អន្តរជាតិ

គ្រោះទឹកជំនន់ដ៏អាក្រក់មួយនៅប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សចំនួន ១៨នាក់ និងរបួសជិត ៣០០នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញ

BY
autoadmin
December 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ទឹកជំនន់ដ៏អាក្រក់មួយ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់ស្លាប់ និងជាង ២៨០ នាក់បានរងរបួស នៅក្នុងតំបន់ភាគឦសាននៃប្រទេសប្រេស៊ីល។ ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងជិត ៤០ នៅទូទាំងរដ្ឋ Bahia ហើយមនុស្សជាង ៣៥,០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឱ្យបាក់ទំនប់ទឹក នៅក្នុងតំបន់ Itambé ដែលបានបង្កើនការភ័យខ្លាច និងការព្រួយបារម្ភអំពីទឹកជំនន់បន្ថែមទៀតផងដែរ។

ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងឧតុនិយមរបស់ប្រទេសប្រេស៊ីល បានព្រមានថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀតនៅក្នុងរដ្ឋ Bahia ជាមួយនឹងលទ្ធភាពនៃទឹកភ្លៀង នៅតែបន្តរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃអង្គារ នេះបើយោងតាមភ្នាក់ងារ ​​Agencia Brasil ។ ជាមួយគ្នានេះ វិទ្យាស្ថានជាតិនៃឧតុនិយមប្រេស៊ីល ក៏បានចេញការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ស្ទើរតែទាំងអស់នៃរដ្ឋ Bahia  ហើយគេ​រំពឹង​ថា វា​នឹងអាច​ប្រសើរ​ឡើង​វិញក្នុង​រដ្ឋ​នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: