ទីបំផុតតារាបង្ហាញម៉ូដដ៏ល្បីរបស់មីយ៉ាន់ម៉ា Paing Takhon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជុំវិញការចូលរួមតវ៉ាប្រឆាំងនឹងរដ្ឋប្រហាររបស់គាត់
- BY
- autoadmin
- December 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយារណ៍ថា តារាដ៏ល្បីរបស់ប្រទេសមីយ៉ាន់ម៉ាគឺលោក Paing Takhon ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជាមួយនឹងការងារពិបាកៗ ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងរបបយោធា បន្ទាប់ពីពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២១។ ដោយសារតែតួនាទីរបស់គាត់នៅក្នុងការតវ៉ា និងឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម វាបានធ្វើឱ្យយោធាកំណត់គោលដៅលើរូបលោក Paing Takhon ដែលឈានដល់ការចាប់ខ្លួនលើរូបលោកនៅអំឡុងខែមេសា។

តារាចម្រៀង និងតារាម៉ូដែលភូមា វ័យ២៥ឆ្នាំ Paing Takhon គឺមានភាពល្បីល្បាញទាំងប្រទេសមីយ៉ាន់ម៉ា និងថៃ។ គាត់ត្រូវបានតែងតាំងជាបុរសដែលមានកិត្យានុភាពបំផុតរបស់ពិភពលោកដោយ TC Candler និង The Independent Critics ។ លោកមានអ្នកតាមដាន Facebook និង Instagram ជាងមួយលាននាក់ ហើយក៏ធ្លាប់បានបង្ហោះរូបភាពខ្លួនគាត់ក្នុងអំឡុងពេលតវ៉ាប្រឆាំងរបបយោធា នៅក្នុងឈុតសម្លៀកបំពាក់ពណ៌សកាន់មេក្រូ ដោយសរសេរលើបដាថា «ជួយយើងបញ្ចប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ជម្រាបផងដែរថា ភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហារ ពួកយោធាបានធ្វើបញ្ជីតាមចាប់ខ្លួនមនុស្សជាច្រើន រួមទាំងតារាល្បីៗចំនួន ១២០ នាក់ ដែលអាចមានឥទ្ធិពលលើសាធារណជន៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






