ផ្ទុះការចាប់អារម្មណ៍ថា អាជ្ញាធរខេត្តឈៀងម៉ៃប្រើស្រីស្អាតស្លៀកស៊ិចស៊ី ដើម្បីជួយផ្សព្វផ្សាយសុវត្ថិភាពតាមដងផ្លូវ ប៉ុន្តែអាជ្ញាធរថៃបដិសេធថា ខ្លួនមិនបានជួលស្រីៗមកធ្វើបែបនេះទេ
- BY
- autoadmin
- January 3, 2022
ថៃ៖ ស្ថានីយ៍ប៉ូលីស Hang Dong នៃខេត្ត Chiang Mai របស់ប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានធ្វើការបដិសេធថា ខ្លួនមិនបានជួលស្រីស្អាតដើម្បីផ្តល់កាហ្វេដោយឥតគិតថ្លៃជូនដល់អ្នកបើកបរ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅខាងក្រៅការិយាល័យខណ្ឌ ដើម្បីជាយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពតាមដងផ្លូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ការថ្លែងនេះបានកើតឡើងបន្ទាប់ពីរូបភាពស្ត្រី ២ នាក់ ស្លៀកពាក់ស៊ិចស៊ីឈរចាំហុចកំប៉ុងកាហ្វេទៅអ្នកបើកបរ បានល្បីពេញបណ្ដាញសង្គម និងបង្កការខឹងសម្បារក្នុងចំណោមអ្នកលេងអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «ស្ត្រីទាំងនោះត្រូវបានភោជនីយដ្ឋានប៊ូហ្វេស៊ូស៊ីមួយកន្លែងបញ្ជូនឲ្យមកធ្វើបែបនេះ ក្នុងសង្កាត់ Hang Dong ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់ប៉ូលីសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មី។ យ៉ាងណាក៏ដោយ ភោជនីយដ្ឋាននោះមិនបានប្រាប់ខាងអាជ្ញាធរជាមុនថាពួកគេកំពុងដាក់ស្រីស្អាតមកនោះទេ។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយការចែកកាហ្វេដោយឥតគិតថ្លៃដល់អ្នកបើកបរ ដូច្នេះពួកគេមិនមានអារម្មណ៍ងងុយគេងពេលបើកបរ»។
សេចក្តីថ្លែងការណ៍បន្តថា បន្ទាប់ពីបានត្រួតពិនិត្យប៉ុស្តិ៍ត្រួតពិនិត្យរួច ស្នងការរងនគរបាលខេត្តឈៀងម៉ៃ បានបញ្ជាឱ្យស្ត្រីទាំង ២ នាក់ បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយបានណែនាំដល់មន្ត្រី និងអ្នកស្ម័គ្រចិត្តឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






