ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ទាំង ២ដូស អមនឹងដូសជំរុញរបស់ Pfizer គឺមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ជាមួយវ៉ារ្យ៉ង់ អូមីក្រុង បាននោះទេ

    BY autoadmin January 3, 2022
    ការសិក្សា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ទាំង ២ដូស អមនឹងដូសជំរុញរបស់ Pfizer គឺមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ជាមួយវ៉ារ្យ៉ង់ អូមីក្រុង បាននោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំង ២ដូស របស់ក្រុមហ៊ុន Sinovac អមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech គឺមានការឆ្លើយតបភាពស៊ាំទាបប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង បើធៀបនឹងជំងឺ COVID-19 ដទៃទៀត។ ការសិក្សាបាននិយាយថា វ៉ាក់សាំងទាំង ២ដូស របស់ Sinovac បូកនឹងដូសជំរុញរបស់ Pfizer រួមបញ្ជូលគ្នា គឺមានកម្រិតភាពស៊ាំស្មើនឹងវ៉ាក់សាំង ១ដូស ដែលប្រើបច្ចេកទេស mRNA ប៉ុណ្ណោះ។ កម្រិតភាពស៊ាំរបស់វាប្រឆាំងនឹង អូមីក្រុង បានថយចុះ ៦.៣ ដង និងថយចុះ ២.៧ ដង ជាមួយនឹងវ៉ារ្យ៉ង់ ដែលតា បើប្រៀបធៀបនឹងវ៉ារ្យ៉ង់ដើម។

    វាគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale, ក្រសួងសុខាភិបាលនៃសាធារណរដ្ឋដូមីនីកែន និងស្ថាប័នផ្សេងទៀត ប៉ុន្តែមិនទាន់បានបង្ហោះជាសាធារណៈឱ្យអ្នកស្រាវជ្រាវដទៃបានពិនិត្យនៅឡើយទេ។

    លោកស្រី Akiko Iwasaki ដែលជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះ បាននិយាយនៅលើ Twitter ថា ពលរដ្ឋដែលទទួលវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ប្រហែលជាត្រូវការដូសជំរុញចំនួន ២ បន្ថែមទៀត ដើម្បីសម្រេចបាននូវកម្រិតការពារដែលអាចប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង ។ លោកស្រីបានបន្ថែមថា វ៉ាក់សាំងត្រឹមតែ ២ដូស របស់ក្រុមហ៊ុន Sinovac មិនបានបង្ហាញពីកម្រិតបន្សាបមេរោគគ្រប់គ្រាន ដែលអាចប្រឆាំងនឹង អូមីក្រុង បាននោះទេ នេះបើយោងតាមការសិក្សាលើសំណាកប្លាស្មាពីអ្នកចូលរួមចំនួន ១០១ នាក់ នៅសាធារណរដ្ឋដូមីនីកែន។

    សូម្បីតែវ៉ាក់សាំង Sinovac សរុបទាំង ៣ ដូស (វ៉ាក់សាំង ២ដូស + ដូសជំរុញ ១) ក៏មិនផលិតការឆ្លើយតបភាពស៊ាំគ្រប់គ្រាន់ប្រឆាំងនឹង អូមីក្រុង នោះដែរ លុះត្រាតែវាត្រូវបានបន្ថែមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech ដើម្បីសម្រេចបាននូវកម្រិតការពារ ប៉ុន្តែដូចដែលបានរៀបរាប់ខាងលើ គឺវានៅតែមានកម្រិតការពារទាបចំពោះវ៉ារ្យ៉ង់ អូមីក្រុង នេះបើតាមការសិក្សានៅទីក្រុងហុងកុងកាលពីសប្តាហ៍មុន។ ជម្រាបដែរថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac និងវ៉ាក់សាំង BBIBP-CorV របស់ Sinopharm គឺជាវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសចិន និងជាវ៉ាក់សាំងការពារ COVID-19 នាំមុខគេ ដែលបាននាំចេញដោយប្រទេសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: